ដោយៈ ចំណាន
កំពង់ចាមៈ ខេត្តកំពង់ចាម បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ សម្បទាគាំទ្រវិស័យទេសចរណ៍ និងជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ។
ការអភិវឌ្ឍនេះធ្វើឲ្យមានភាពទាក់ទាញ ស្របតាម “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០” ដើម្បីក្លាយជាគោលដៅ សម្រាកកាយចុងសប្តាហ៍ដ៏ស័ក្តិសមបំផុត សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទទួលយកបទពិសោធថ្មីៗ និងសម្បូរបែបដែលមិនអាចបំភ្លេចបាន។
លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០”។
លោកបន្ថែមថា “ផែនការនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជាការបង្ហាញឱ្យឃើញនូវឆន្ទៈរបស់ខេត្ត ក្នុងការប្រែក្លាយសក្តានុពលដែលមានស្រាប់ ឱ្យទៅជាផលិតផល និងបទពិសោធទេសចរណ៍ដែលមានតម្លៃបន្ថែមខ្ពស់”។
ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលជាច្រើន ដ៏គួរជាទីមោទនៈដែលខេត្តកំពង់ចាមសម្រេចបាន ក្រោមការដឹកនាំរបស់លោក អភិបាលខេត្ត និងថ្នាក់ដឹកនាំដ៏ដូចជាមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់របស់ខេត្ត។ សមិទ្ធផលរឹង និងទន់ទាំងនេះ មិនត្រឹមតែបានលើកកម្ពស់ជីវភាព និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងពង្រីកការតភ្ជាប់ ទៅកាន់គោលដៅទេសចរណ៍ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ បង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់ការធ្វើធុរកិច្ច ការវិនិយោគ និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពផងដែរ។
ទន្ទឹមនេះ លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ តាមរយៈការពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
វឌ្ឍនភាពដ៏ឆាប់រហ័សនេះ បានរួមចំណែកធ្វើឱ្យខេត្តកំពង់ចាម មិនត្រឹមតែក្លាយ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកតភ្ជាប់ យុទ្ធសាស្ត្ររវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភូមិភាគឦសានផងដែរ។
ជាមួយគ្នានេះ លោកហួត ហាក់ក៏បានកត់សម្គាល់ និងកោតសរសើរចំពោះគំនិតផ្តួចផ្តើម និងគម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់ខេត្តកំពង់ចាម ដែលនឹងលេចរូបរាងឡើង នៅពេលឆាប់ៗខាងមុខនេះ ដែលនឹងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើនឡើងបន្ថែមទៀត រួមមាន៖ កំពង់ផែទេសចរណ៍ដែកបណ្ដែតទឹក, មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចទេសចរណ៍, ការជួសជុលកែលម្អច្រាំងទន្លេ និងការរៀបចំសួនតេជោធិបតី ព្រមទាំងការរៀបចំផ្លូវថ្មើរជើងផងដែរដែលជំរុញសកម្មភាពទេសចរណ៍នាពេលរាត្រី។
ពិតណាស់ថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសម្បទាគាំទ្រដែលមានភាពច្នៃប្រតិដ្ឋ ព្រមទាំងគម្រោងសាងសង់រូបសំណាកដែលជាអត្តសញ្ញាណខេត្ត គឺជាផលិតទេសចរណ៍ដែលមានភាពទាក់ទាញ និងមានតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍៕








