ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ ខណៈការកើនឡើងយ៉ាងគំហុកនៃតម្លៃប្រេង និងអត្រាផលចំណេញលើមូលបត្របំណុលរដ្ឋ បានជះឥទ្ធិពលអវិជ្ជមានដល់ទំនុកចិត្តអ្នកវិនិយោគ មុនពេលកិច្ចប្រជុំរបស់ធនាគារកណ្តាលនៅសហរដ្ឋអាមេរិក និងប្រទេសជប៉ុនក្នុងសប្តាហ៍នេះ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,១ភាគរយ គិតត្រឹមម៉ោង៣:៣៣នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះ០,០១៤ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៥២ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានធ្លាក់ថ្លៃចុះ០,៦៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៥៤ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៨៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៨៥ភាគរយ៕







