ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម​កណ្តាលពិភាក្សាការងារ​ជាមួយ​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្មកម្ពុជា​ប្រចាំ​ទីក្រុង​ស៊ីដនី​

ដោយៈ ម៉ាណា

   អូស្រ្តាលីៈ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាកា​រ​ងារជាមួយការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងស៊ីដនី ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី។

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង អមដំណើរដោយ លោកវឿង ប្រយុទ្ធ ប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី លោកបណ្ឌិត អោម សេងបូរ៉ា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តរតនគិរី និងខេត្តបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកឃុន សែន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ព្រមទាំងបងប្អូនអាជីវករ និងសហគមន៍ធុរកិច្ចកម្ពុជានៅប្រទេសអូស្ត្រាលី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបនេះមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីដនី ព្រមទាំងស្វែងរកឱកាសថ្មីៗសម្រា​ប់ជំរុញ ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់វិស័យឯកជន រវាងកម្ពុជា និងអូស្ត្រាលី។

ក្នុងជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍អំពីស្ថានភាពធុរកិច្ច និងសក្តានុពលទីផ្សារអូស្ត្រាលី ព្រមទាំងពិភាក្សាអំពីឱកាសសម្រាប់សហគ្រាស និងអ្នកធុរកិច្ចកម្ពុជា ក្នុងការពង្រីកទីផ្សារ បង្កើនបណ្តាញអាជីវកម្ម និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា ភួ វាសនា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងបានបញ្ជាក់ពីសារៈសំខាន់ នៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ក្នុងការពង្រីកបណ្តាញទំនាក់ទំនងអន្តរជាតិ និងបង្កើតឱកាសថ្មីៗសម្រាប់វិស័យឯកជនកម្ពុជា។

ជាមួយគ្នានេះ អ្នកឧកញ៉ា បានលើកឡើងពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនង ជាមួយសហគមន៍ធុរកិច្ចកម្ពុជា នៅអូស្ត្រាលី ដែលអាចរួមចំណែក ក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជា ជំរុញការតភ្ជាប់សហគ្រាស និងបង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ជំនួបនេះក៏ជាឱកាសសម្រាប់ប្រមូលមតិ និងស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងសក្តានុពលរបស់សហគមន៍ធុរកិច្ចកម្ពុជានៅអូស្ត្រាលី ដើម្បីបន្តស្វែងរកកិច្ចសហការ ដែលអាចគាំទ្រដល់ការរីកចម្រើនរបស់វិស័យឯកជន និងការពង្រីកអាជីវកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

តាមរយៈកិច្ចសហការរវាង សភាពាណិជ្ជកម្មកម្ពុជា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងសហគមន៍ធុរកិច្ចកម្ពុជា-អូស្ត្រាលី រំពឹងថានឹងរួមចំណែកបង្កើន ការតភ្ជាប់ធុរកិច្ច ពង្រីកឱកាសទីផ្សារ ជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលីឱ្យកាន់តែស៊ីជម្រៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here