ស្ថានភាពតម្លៃផ្ទះនៅទីក្រុងធំៗរបស់ប្រទេសចិនបង្ហាញសញ្ញាប្រសើរឡើង ខណៈវិបត្តិអចលនទ្រព្យចិនឈានចូលដល់ឆ្នាំទី៥

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះយឺតជាងមុននៅក្នុងខែមិថុនា ប៉ុន្តែក្រុមសេដ្ឋវិទូបានអះអាងថា ទីផ្សារលំនៅឋានពុំទាន់ងើបឡើងវិញពេញលេញទេ ដោយសារការធ្លាក់ចុះនៃតម្រូវការនៅតែបន្ត ហើយទីក្រុងប៉េកាំងជៀសវាងការដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចធំៗ។

តម្លៃផ្ទះថ្មីបានធ្លាក់ចុះ០,១ភាគរយនៅក្នុងខែមិថុនា បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ០,២ភាគរយនៅក្នុងខែឧសភា។ បើធៀបនឹងឆ្នាំមុន តម្លៃផ្ទះបានធ្លាក់ចុះ ៣,៣ភាគរយ ដោយថយចុះពីការធ្លាក់ចុះ៣,៥ភាគរយនៅក្នុងខែឧសភា។

ការដាំក្បាលចុះនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន បានឈានចូលដល់ឆ្នាំទី៥ ដែលបានធ្វើឱ្យការចំណាយក្នុងគ្រួសារធ្លាក់ចុះ និងរួមចំណែកដល់អតុល្យភាពរវាងផលិតកម្មឧស្សាហកម្ម និងតម្រូវការក្នុងស្រុក។ សេដ្ឋកិច្ចចិនបានកើនឡើង៤,៣ភាគរយនៅក្នុងត្រីមាសទីពីរ ដែលទាបជាងការរំពឹងទុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមសេដ្ឋវិទូមួយចំនួនជឿថា ទីផ្សារលំនៅឋានរបស់ប្រទេសចិនអាចនឹងធ្លាក់ចុះជិតដល់បាតហើយ ប៉ុន្តែ ក៏មានសេដ្ឋវិទូផ្សេងទៀតអះអាងថា ការធ្លាក់ចុះនឹងនៅតែបន្ត ប្រសិនបើពុំមានការគាំទ្រកាន់តែខ្លាំងពីរដ្ឋាភិបាល។

ស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងធំៗ បានបង្ហាញពីភាពប្រសើរឡើង ខណៈទីក្រុងតូចៗនៅតែបន្តជួបប្រទះការធ្លាក់ចុះនៃការលក់ និងការផ្គត់ផ្គង់លើសតម្រូវការ។

ក្រុមអ្នកវិភាគរំពឹងថា ទីផ្សារលំនៅឋានរបស់ប្រទេសចិននឹងមានភាពប្រសើរឡើងក្នុងរយៈពេលខ្លីនៅក្នុងតំបន់មួយចំនួនក្នុងអំឡុងឆមាសទីពីរនៃឆ្នាំនេះ ជាជាងការងើបឡើងវិញពេញលេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here