លោក​បណ្ឌិត​តេង រិទ្ធីៈ ​កម្ពុជា​ទឹកដី​នៃ​ការ​វិនិយោគ​ និង​ឱកាស​អាជីវកម្ម​សម្រាប់​អនាគត​

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រទេសកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ទោះបីសេដ្ឋកិច្ចពិភពលោក នៅតែប្រឈមនឹងភាពមិនច្បាស់​លាស់ក៏ដោយ កម្ពុជានៅតែបន្តបង្ហាញពីភាពរឹងមាំ និងសក្ដានុពលនៃការរីកចម្រើន ដោយមានស្ថិរភាពនយោបាយ ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ គោលនយោបាយលើកទឹកចិត្តការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុនR-Investment Groupបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើន ជាពិសេសលើវិស័យផលិតកម្ម ភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មនាំចេញ។ នេះបានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងតំបន់ និងអន្តរជាតិ ចំពោះអនាគតសេដ្ឋកិច្ចរបស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “ខ្ញុំជឿជាក់ថា កម្ពុជាកំពុងផ្តល់ឱកាសវិនិយោគដ៏ទាក់ទាញលើវិស័យសំខាន់ៗជាច្រើន”។

លោកបាមសម្លឹងទៅមុខ និងមើលឃើញនូវសក្តានុពលលើវិស័យចំនួយដូចជា៖

. អចលនទ្រព្យ និងការអភិវឌ្ឍទីក្រុង

ការរីកចម្រើននៃទីក្រុងថ្មី បុរី គម្រោងប្រើប្រាស់ចម្រុះ (Mixed-use Development) និងសហគមន៍ប្រកបដោយនិរន្តរភាព កំពុងបង្កើតតម្លៃវិនិយោគរយៈពេលវែង។

. ទេសចរណ៍ និងបដិសណ្ឋារកិច្ច

កម្ពុជាមានសក្តានុពលខ្ពស់ ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ តាមរយៈប្រាសាទអង្គរវត្ត តំបន់ឆ្នេរសមុទ្រ និងទេសចរណ៍ធម្មជាតិ ដែលអាចជំរុញកំណើនសេដ្ឋកិច្ចបានយ៉ាងខ្លាំង។

. ផលិតកម្ម និងឧស្សាហកម្មនាំចេញ

កម្ពុជាកំពុងក្លាយជាមជ្ឈមណ្ឌលផលិតកម្មថ្មីក្នុងតំបន់ ដោយទទួលបានអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទីផ្សារនាំចេញដ៏ទូលំទូលាយ។

. កសិកម្ម និងកែច្នៃផលិតផលកសិកម្ម

ការបន្ថែមតម្លៃលើផលិតផលកសិកម្ម តាមរយៈការកែច្នៃ និងបច្ចេកវិទ្យា នឹងបង្កើតឱកាសវិនិយោគថ្មីៗ និងបង្កើនការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

. ភស្តុភារកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

ការវិនិយោគលើផ្លូវល្បឿនលឿន អាកាសយានដ្ឋាន កំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និងមជ្ឈមណ្ឌលភស្តុភារកម្ម កំពុងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។

. បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល

បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ការទូទាត់តាមប្រព័ន្ធឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) និងនវានុវត្តន៍ កំពុងបង្កើត​កាលានុវត្តភាពថ្មីសម្រាប់អាជីវកម្ម។

លើសពីនេះ កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង ស្ថិតនៅចំកណ្ដាលតំបន់អាស៊ាន មានគោលនយោបាយគាំទ្រវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ដែលជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគិនពីជុំវិញពិភពលោក។

លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ថា “ការវិនិយោគមិនមែនគ្រាន់តែស្វែងរកប្រាក់ចំណេញក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែជាការបង្កើតតម្លៃរយៈពេលវែង ការកសាងភាពជាដៃគូយុទ្ធសាស្ត្រ និងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព”។

លោកបន្តថា ក្នុងនាមជាវិនិយោគិន និងអ្នកអភិវឌ្ឍន៍ “ខ្ញុំជឿជាក់ថា កម្ពុជា មិនមែនគ្រាន់តែជាគោលដៅវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែជាទឹកដីនៃឱកាស ដែលអាចបង្កើតគម្រោងមានចក្ខុវិស័យ បង្កើតការងារ លើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ”។

លោកបន្តថា “អនាគតជាកម្មសិទ្ធិរបស់អ្នក ដែលមានចក្ខុវិស័យក្នុងការវិនិយោគ មានវិន័យក្នុងការអនុវត្ត និងបង្កើតតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here