ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទនេះ ខណៈអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានវាយប្រហារតាមផ្លូវអាកាសទៅវិញទៅមកម្តងទៀតកាលពីចុងសប្តាហ៍ ដោយទីក្រុងតេអេរ៉ង់ បានកំណត់គោលដៅលើទីតាំងមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសឈូងសមុទ្រជាច្រើន និងបានប្រកាសបិទច្រកសមុទ្រហ័រមូស។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ២,៥៩ភាគរយ គិតត្រឹមម៉ោង២:០៥នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះ១,៩២ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៧១ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,១៨ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានធ្លាក់ថ្លៃចុះ១,៧៩ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ២,០៦ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,០២៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ៨,៩៥ភាគរយ៕







