NBC នឹង​រៀប​ចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​ខ្ពស់​ស្តី​ពី​ “មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​” ក្នុង​ខែ​សីហា

ដោយៈ ម៉ាណា

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំអន្តរក្រសួងលើកទី២ សម្រាប់ការរៀបចំកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពី “មីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ឡាយ សុខ​ហេង ឧបការីទេសាភិបាល និងជាអគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីតំណា​ងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណងពង្រឹង កិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្ត សកម្មភាពអាទិភាពទាំង២២ និងកំណត់ជំហានបន្ទាប់ សម្រាប់ការរៀបចំកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ ជាមួយពហុភាគីពាក់ព័ន្ធស្តីពី “មីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅជាលើកទី៤ ក្នុងខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សាលើទិដ្ឋភាពសំខាន់ៗ ដូចជា វឌ្ឍនភាពនៃសកម្មភាពដែលបាននិងកំពុងអនុវត្ត ព្រមទាំងបានផ្លាស់ប្តូរមតិយោបល់លើវិធានការបន្ត ការធានាឱ្យបាននូវការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការទប់ស្កាត់សកម្មភាពផ្តល់កម្ចីខុសច្បាប់ ជាដើម។

សកម្មភាពអាទិភាពទាំង២២ នៃកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពី “មីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ជាការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាប្រឈម និងចាប់យកកាលានុវត្តភាព ក្នុងការពង្រឹងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ឆ្នាំ២០២៤ រវាងធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here