លោក ប៊ុន ផាក ៖ ម្ចាស់អាជីវកម្មចង់បានបុគ្គលិកដែលមានគំនិតច្នៃប្រឌិតនិងដោះស្រាយបញ្ហាដោយខ្លួនឯង

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ បច្ចុប្បន្ននេះ មានបុគ្គលជាច្រើនបានចាប់ផ្ដើមជាមួយនឹងអាជីវកម្មរបស់ខ្លួន តែអ្វីដែលពិបាក​សម្រាប់ម្ចាស់អាជីវកម្មក្នុងការចាប់ផ្ដើមនោះ គឺបុគ្គលិកបម្រើការឱ្យក្រុមហ៊ុនឬអាជីវកម្មរីកចម្រើន។

លោកប៊ុន ផាក គឺជាម្ចាស់អាជីវកម្មនិងជាអ្នកចាប់ផ្ដើមអាជីវកម្មមួយរូបបានបង្ហាញពីអារម្មណ៍ដែល​ខ្លួន​ចង់​បាន គឺចង់បានបុគ្គលិកដែលមានការគិតដូចខ្លួនគិត ទើបបុគ្គលិកនោះ ធ្វើមិនបានលទ្ធផលដូចខ្លួនចង់​បាន​ក្ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៊ុន ផាក ដែលជាបុគ្គលអ្នកចាប់ផ្ដើមអាជីវកម្មមួយរូបនៅកម្ពុជា និងជាអ្នកដែលចូលចិត្តចែករំលែក​នូវចំណេះអាជីវកម្មដល់អ្នកដែលមានបំណងចាប់ផ្ដើមធ្វើអាជីវកម្មបាននិយាយនៅក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះឱ្យដឹងថា ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុនមួយរូប នៅពេលដាក់ការងារឬកិច្ចការអ្វីមួយឱ្យ​បុគ្គលិក​ធ្វើ លោកមិនចង់លឺបុគ្គលិកបរិយាយច្រើននោះទេ។ អ្វីដែលសំខាន់គឺលទ្ធផលនៅពេលចុងក្រោយ ទោះបីជាបុគ្គលិកនោះ ចង់ធ្វើតាមពិធី ឬផ្លូវមួយណាក៏ដោយ។

លោកបន្តថា នាយកប្រតិបត្តិ ឬថ្នាក់ដឹកនាំក្រុមហ៊ុន មានការងារច្រើនណាស់ដែលត្រូវធ្វើ ដូច្នេះអ្វីដែលគាត់​ចង់បានមិនមែនបុគ្គលិកឆ្កឹះបញ្ហាមកឱ្យអ្នកគ្រប់គ្រងនោះទេ គឺរកឱ្យឃើញបញ្ហាហើយយកបញ្ហានោះចេញ​ឱ្យបាន និងធ្វើកិច្ចការដែលបានដាក់ជូនឱ្យសម្រេចបានជាលទ្ធផល។ មួយទៀតដែរ ក្នុងនាមជាម្ចាស់​ក្រុមហ៊ុន​​លោកបានដឹងថា ម្ចាស់ក្រុមហ៊ុនមិនចង់បានបុគ្គលិកដែលមានអំនួត ហើយគិតថា នៅក្នុង​ក្រុមហ៊ុន​​នោះ​មានតែខ្លួនទេខ្លាំង បើអត់ពីខ្លួនទៅក្រុមហ៊ុននឹងពិបាក។

លោកថា “ការគិតបែបនេះ គឺខុសទាំងស្រុង ព្រោះថាក្រុមហ៊ុនអាចបណ្ដុះបណ្ដាលយើងឱ្យចេះធ្វើការ  និងពូកែ​បាន ដូច្នេះក្រុមហ៊ុនក៏អាចរកអ្នកថ្មីមកបណ្ដុះបណ្ដាលឱ្យធ្វើការពូកែដូចឬខ្លាំងជាងបុគ្គលិកចាស់ៗទៅ​ទៀត”។

ចំណែកបុគ្គលដែលចាត់ទុកថាជាអ្នកជោគជ័យម្នាក់ទៀតលោកឧកញ៉ាគួច ម៉េងលីកន្លងមកក៏បានមាន​ប្រសាសន៍ថា អ្វីដែលអ្នកចាប់ផ្ដើមអាជីវកម្មត្រូវធ្វើ គឺសិក្សារៀនសូត្រពីគេឱ្យបានច្រើន។ មានម្ចាស់អាជីវកម្​មធំៗ​មួយចំនួនបានចាប់ផ្ដើមចេញពីបុគ្គលិកធម្មតាម្នាក់ប៉ុណ្ណោះ បើទោះបីជាខ្លួនទុនរួចស្រេចក្នុងការ​បង្កើត​ក្រុមហ៊ុនឬអាជីវកម្មទៅហើយនោះ។

លោកបន្តទៀត ការចាប់ផ្ដើមចេញពីបុគ្គលិកជាន់ទាបបែបនេះ គ្រាន់តែចង់ដឹងពីបទពិសោធន៍ការងារ និង​ការលំបាកអ្វីខ្លះពីបុគ្គលិក ដើម្បីអាចដឹងនិងរកដំណោះស្រាយនៅពេលដែលខ្លួនបើកអាជីវកម្មបានសម្រេច៕

LEAVE A REPLY

Please enter your comment!
Please enter your name here