ដោយ: សហសេវិក
អន្តរជាតិ: លោក Zohran Mamdani អភិបាលក្រុងញូវយ៉ក បានប្រកាសពីផែនការលំនៅឋានដ៏សំខាន់មួយនៅថ្ងៃទី២៦ ខែឧសភា ដោយមានគោលបំណងសាងសង់ផ្ទះដែលមានតម្លៃសមរម្យចំនួន ២០០.០០០យូនីត និងកែលម្អប្រព័ន្ធលំនៅឋានសាធារណៈរបស់ទីក្រុង។
ផែនការនេះរួមមានការវិនិយោគចំនួន ២២ ពាន់លានដុល្លារអាមេរិកលើលំនៅឋានក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដែលក្នុងនោះ ៥,៦ ពាន់លានដុល្លារអាមេរិកនឹងត្រូវផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវលំនៅឋានសាធារណៈ។
ផែនការខាងលើក៏រួមបញ្ចូលផងដែរនូវការផ្លាស់ប្តូរច្បាប់កំណត់តំបន់ (zoning) ការសហការជាមួយអ្នកអភិវឌ្ឍន៍ឯកជនដើម្បីគាំទ្រដល់លំនៅដ្ឋានសាធារណៈ និងការសាងសង់ផ្ទះបន្ថែមទៀតនៅជិតមជ្ឈមណ្ឌលដឹកជញ្ជូនសាធារណៈ។
លទ្ធភាពទិញលំនៅឋាន ជាចំណុចសំខាន់មួយនៃយុទ្ធនាការរបស់លោក Mamdani។ ថ្លែងនៅក្នុងពិធីជួបជុំមួយនៅទីក្រុង Brooklyn លោកបានអំពាវនាវឱ្យមាន “ការផ្លាស់ប្តូរផ្នែកលំនៅឋានក្នុងទីក្រុងដ៏ធំបំផុត” នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
លោកអភិបាលក្រុង Zohran Mamdani បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋបាលរបស់លោកកំពុងស្នើឱ្យមានការវិនិយោគលើលំនៅឋានសាធារណៈដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រោមការដឹកនាំរបស់អតីតអភិបាលក្រុងញូវយ៉កលោក Eric Adams ទីក្រុងញូវយ៉កបានបែងចែកថវិកាវិនិយោគចំនួន១,៣ពាន់លានដុល្លារអាមេរិកដល់អាជ្ញាធរលំនៅឋានសាធារណៈក្នុងឆ្នាំ២០២៥ ដោយមានគម្រោងចំណាយ៧០០លានដុល្លារអាមេរិកនៅឆ្នាំ២០២៦ និង៣០០លានដុល្លារអាមេរិកនៅឆ្នាំ២០២៧៕ប្រភព: NYTIMES៕









