ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ ស្របពេលមានក្តីបារម្ភកាន់តែខ្លាំងឡើងជុំវិញអរិភាពឡើងវិញរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយសារបទឈប់បាញ់ដ៏ផុយស្រួយ។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបាញ់ប្រហារគ្នានៅច្រកសមុទ្រហ័រមូស ដោយភាគីនីមួយៗចោទប្រកាន់ថា ភាគីម្ខាងទៀតជាអ្នកផ្តើមការវាយប្រហារមុន។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៩ភាគរយ គិតត្រឹមម៉ោង២:១១នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះ០,១៩ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,២៩ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៨ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៥៨ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,០០៣ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ១,៥១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១១ភាគរយ៕







