ដោយៈ ម៉ាណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) សហការជាមួយមជ្ឈមណ្ឌលស៊ាសិន (SEACEN) និងសាជីវកម្ម គ្រប់គ្រងទ្រព្យសកម្មកូរ៉េ (KAMCO) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី“ការដោះស្រាយឥណទានមិនដំណើរការ និងគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្ម៖ យុទ្ធសាស្ត្រសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ”។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោក Mark McKenzie អ្នកជំនាញផ្នែកវិស័យហិរញ្ញវត្ថុ តំណាងមជ្ឈមណ្ឌលស៊ាសិន និងលោកបណ្ឌិតSunjoon Choe នាយកផ្នែកអភិវឌ្ឍធុរៈកិច្ចសកល តំណាងស្ថាប័ន KAMCO។
វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ បានប្រព្រឹត្តិទៅ ដោយមានការចូលរួមធ្វើបទឧទ្ទេសនាម ដោយផ្ទាល់ពីវាគ្មិន ដែលមកពីស្ថាប័ននិងគ្រឹះស្ថានអន្តរជាតិ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធអនុវត្តន៍ជាក់ស្តែង ដល់សិក្ខាកាមដែលមកពីធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលនេប៉ាល់សរុប៣៣រូប។
ទិដ្ឋភាពដែលវាគ្មិនបានចែករំលែករួមមាន៖ i/-ក្របខ័ណ្ឌដោះស្រាយបំណុល ii/-គោលនយោបាយនិងបទប្បញ្ញត្តិស្តីពី ម៉ាក្រូប្រុងប្រយ័ត្ន និង iii/-ដំណើរការរៀបចំសេចក្តី ណែនាំពាក់ព័ន្ធនឹងឥណទានមិនដំណើរការ៕










