សេតវិមាន: សហរដ្ឋអាមេរិកកំពុងខ្វះខាតលំនៅឋានយ៉ាងតិច ១០ លានខ្នង

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីមួយពីក្រុមសេដ្ឋវិទូនៅសេតវិមានបានឱ្យដឹងថា សហរដ្ឋអាមេរិកជួបប្រទះការខ្វះខាតផ្ទះយ៉ាងហោចណាស់ ១០លានខ្នង ដែលជាតួលេខខ្ពស់ជាងការប៉ាន់ស្មានពីមុនមួយចំនួនរបស់រដ្ឋាភិបាល និងវិស័យឯកជន។

ប្រសិនបើការសាងសង់ផ្ទះបានបន្តស្ថិតក្នុងកម្រិតធម្មតា ជំនួសឱ្យការធ្លាក់ចុះ បន្ទាប់ពីឆ្នាំ ២០០៨ សហរដ្ឋអាមេរិកនឹងមានផ្ទះទោល(single family home) យ៉ាងហោចណាស់ ១០ លានខ្នងបន្ថែមទៀតនាពេលបច្ចុប្បន្ននេះ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន Freddie Mac ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាមេរិក បានវាយតម្លៃថា សហរដ្ឋអាមេរិកខ្វះផ្ទះចំនួន ៣,៧ លានយូនីត ដោយផ្អែកលើតម្រូវការ ស្របពេលចំនួនប្រជាជនកំពុងកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីខែមិថុនា ឆ្នាំ២០២១ សមាគមជាតិនៃភ្នាក់ងារអចលនទ្រព្យ (National Association of Realtors) បានប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកខ្វះផ្ទះចំនួន ៥,៥ លានយូនីត ដោយផ្អែកលើការតាមដាននិន្នាការក្នុងរយៈពេល២០ឆ្នាំមុន ធៀបទៅនឹងអត្រានៃការសាងសង់ចាប់ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ២០០០។

សេតវិមានបានបញ្ជាឱ្យក្រុមហ៊ុន Freddie Mac និងក្រុមហ៊ុន Fannie Mae ទិញមូលបត្របំណុលធានាដោយអចលនទ្រព្យ (Mortgage bond) ចំនួន២០០ពាន់លានដុល្លារ ដើម្បីបន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ។

ដំបូងឡើយ អត្រាការប្រាក់បានធ្លាក់ចុះបន្តិច ប៉ុន្តែសង្គ្រាមរវាងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់បានជំរុញឱ្យអត្រាការប្រាក់ងើបឡើងវិញ។ បច្ចុប្បន្ន អត្រាការប្រាក់លើកម្ចីទិញផ្ទះរយៈពេល៣០ឆ្នាំមានកម្រិតជាមធ្យមចំនួន៦,៣៧ភាគរយ កើនឡើងជាងទ្វេដងធៀបនឹងអត្រាការប្រាក់កាលពី៥ឆ្នាំមុន៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here