ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានរក្សាអត្រាការប្រាក់ឱ្យនៅថេរ ហើយលោកប្រធានធនាគារ Jerome Powell ក៏បានទាញទម្លាក់ការរំពឹងទុកចំពោះការកាត់បន្ថយអត្រាការប្រាក់ផងដែរ ដោយអះអាងថា អត្រាអតិផរណាមិនបានធ្លាក់ចុះដូចការរំពឹងទុកនោះទេ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ២,៦ភាគរយ គិតត្រឹមម៉ោង១២:១៦នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះ៣,១៥ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ២,៤៧ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៨៦ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ១,៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ១,៣៣ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ១,៦៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ២,៤៨ភាគរយ៕







