ភ្នំពេញៈ ស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា នាពេលបច្ចុប្បន្ននេះ បាននិងកំពុងប្រែក្លាយជាស្ថាប័នកម្ចីទៅជាស្ថាប័នបញ្ញើរ និងសន្សំ ដែលធ្វើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាកាន់តែមានសន្ទុះរីកចំរើន និងរក្សាបានក្នុងរង្វង់៧ភាគរយ ហើយបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាពីមួយថ្ងៃទៅមួយថ្ងៃទៅមួយថ្ងៃ។
លោក ង៉ែត ជូ អ្នកជំនាញ និងជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្រ បានថ្លែងតាមរយៈការផ្សព្វផ្សាយរបស់សមាគមនមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី១៩ ខែឧសភានេះថា ស្ថាប័នមីក្រូហិរញ្ញវត្ថុកាលពីកន្លងមកនេះ ផ្តល់តែប្រាក់កម្ចី តែនាពេលច្ចុប្បន្ននេះ ផ្តល់សេវាកម្មប្រាក់បញ្ញើរ និងសន្សំ ដែលមានជម្រើសច្រើនដល់អតិថិជន និងជាផ្នែកមួយដ៏ល្អក្នុងវិស័យសេដ្ឋកិច្ច។
លោកបន្តថា “នេះជាការកសាងមូលដ្ឋានគ្រឹះ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាជាងដែលយើងខ្ចីប្រាក់ មកពីខាងក្រៅស្រុកដែលមានថ្លៃដើមខ្ពស់ ក្នុងការបញ្ចេញសាច់ប្រាក់ក៏មានថ្លៃដើមខ្ពស់ផងដែរ” ។
លោកបណ្ឌិតប៊ុន មុនី អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងដែរថា ធនាគារបានដាក់ការិយាល័យនៅតែក្នុងទីប្រជុំជន។ ចំណែកស្ថាប័មីក្រូហិរញ្ញវត្ថុមានទិសដៅជួយដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមបណ្តាទីជនបទ ហើយវិស័យនេះ បាននឹងកំពុងលើកម្ពស់ និងលើកស្ទួយដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរបានយ៉ាងល្អ។
លោកបន្តថា “ស្ថាប័ននេះបានឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងបន្តជួយ ឱ្យវិស័យនេះ អាចរស់រានបានដោយខ្លួនឯង ប្រកបដោយនិរន្តរភាពនាពេលអនាគត” ។ លោកបន្តថា “វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តជាចលករយ៉ាងសំខាន់ ចូលរួមជាមួយរាជ រដ្ឋាភិបាលដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកសាងលើកកម្ពស់ ជីវភាព ប្រជាពលរដ្ឋកម្ពុជា” ។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិកម្ពុជា បានឱ្យដឹងដែរថា កម្ពុជាបានរៀបចំសន្និសីទ បើកឱ្យដំណើរការវិស័យមីក្រូហិរញ្ញវត្ថុកាលពីឆ្នាំ ២០១៦ ហើយរហូតមកដល់ពេលនេះ វិស័យនេះបាននឹងកំពុងរីកចំរើនយ៉ាងខ្លាំង ជាពិសេសបានកៀរគរប្រភពមូលធនពីខាងក្រៅប្រទេស មកវិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យនេះ។
លោកបន្តថា “ធនាគារជាតិនៃកម្ពុជា បាននឹងកំពុងរៀបចំសិក្ខាសាលាផ្សព្វផ្សាយនៅតាមបណ្តាខេត្តនានាផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទូទៅ និងអាជ្ញាធរមូលដ្ឋានឱ្យបានយល់ជ្រោតជ្រាបអំពី សារៈសំខាន់នៃវិស័យមីក្រូហិរញ្ញវត្ថុ និងហានិភ័យនានា” ។
លោករំពឹងថា វិស័យមីក្រូហិរញ្ញវត្ថុនឹងរួមចំណែក ក្នុងសមាហរណកម្មអាស៊ាន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ឱ្យបានសម្បូរបែបដល់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជន និងជនបទ៕