អ្នកជំនាញ: សកម្មភាពទិញលក់ដីឡូត៏រំពឹងថានឹងមានកំណើនឡើងវិញនៅឆ្នាំនេះ

ដោយ: លក្ខិណា

ភ្នំពេញ:នៅក្នុងវិបត្តិឆ្នាំ២០២០កន្លងទៅថ្មីនេះ សកម្មភាពទិញលក់ដីឡូត៏ នៅក្នុងប្រទេសកម្ពុជាមានការថមថយជាងឆ្នាំ២០១៩ បន្តិច តែមិនមែនស្ងាត់ជ្រងំនោះទេ តែអ្នកជំនាញរំពឹងថា សកម្មភាពនេះ អាចនឹងកើនឡើងបន្តិចវិញនៅឆ្នាំ២០២១នេះ។

លោឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនឡាក់គីរៀលធីបានឱ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ថា នៅក្នុងឆ្នាំ ២០២០គឺជាឆ្នាំ មួយដែលវិស័យអចលនទ្រព្យជាពិសេសដីធ្លីនៅតំបន់ខ្លះមានការប៉ះពាល់ ព្រោះតែវិបត្តិ។ ដោយឡែកសម្រាប់ដីឡូត៏ក៏មានសកម្មភាពថមថយដែរ ព្រោះប្រជាជនមួយចំនួនបានបាត់បង់ការងារ បាត់បង់ប្រាក់ចំណូលដែលធ្វើ ការទិញដីឡូត៏មានការធ្លាក់ចុះ ជាពិសេសនៅតំបន់ដែលមានសក្ដានុពល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា មិនថាតែដីឡូត៏នោះទេ ដែលមានសកម្មភាពថយចុះ ផ្នែកផ្សេងទៀតនៃវិស័យអចលនទ្រព្យក៏មានបញ្ហាដែរ ដូចជាសកម្មភាពវិនិយោគ គម្រោងសាងសង់ និងការទិញលក់ផ្សេងៗជាដើម។ លោបានថ្លែងថា “ដោយសារតែឆ្នាំ២០២០ កូវីដ១៩បានរាលដាលពេញបន្ទុកទាំងនៅកម្ពុជា និងនៅលើពិភពលោក ដូច្នេះនៅឆ្នាំ២០២១ ដោយសារតែវ៉ាក់សាំងប្រឆាំងកូវីដ១៩ កាន់តែមានពន្លឺ យើងសង្ឃឹមថាវិស័យនេះ នឹងអាចមានសន្ទុះងើបឡើងវិញនៅពេលឆាប់ៗ”។

លោកសុខ គែនភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពតក៏បានឱ្យដឹងដែរថា នៅក្នុងវិបត្តិក្នុងឆ្នាំ២០២០ ការទិញលក់ដីធ្លីនៅក្នុងខេត្តកំពតនៅតែមាន តែសម្រាប់ដីឡូត៏វិញគឺមានការថយចុះពិតមែន ដោយងាកមករកប្រភេទដីដុំ សម្រាប់សាងសង់គម្រោងផ្សេងទៅវិញ។

លោកបន្តថា ភ្ញៀវមកពីភ្នំពេញមករកទិញដីនៅខេត្តកំពត ភាគច្រើនគេរកដីភូមិ ដីជាប់មាត់ព្រែក និងដីដែលមានសក្ដានុពលសម្រាប់សាងសង់លំនៅដ្ឋានលំហែកាយ តែសម្រាប់ដីពុះឡូត៏ ដែលមានក្រុមហ៊ុនជាច្រើនមកវិនិយោគនោះ ក្នុងឆ្នាំ២០២០ មិនសូវមានសកម្មភាពប៉ុន្មាននោះទេ។

ការពុះដីឡូត៏នៅក្នុងប្រទេសកម្ពុជាបានផ្ដល់ប្រយោជន៍មួយចំនួនដល់ពលរដ្ឋ និងសេដ្ឋកិច្ច ដូចជាការផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ ដែលមិនមានលទ្ធភាពទិញដីបង់ផ្ដាច់បាន ដោយបង់ជាដំណាក់កាលប្រចាំខែ។ សកម្មភាពនេះដែរ ក៏បានផ្ដល់ចំណូលមួយចំនួនរដ្ឋផងដែរ តាមរយៈការបង់ពន្ធប្រថាប់ត្រាទៅកាន់អគ្គនាយកដ្ឋានពន្ធដារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here