លំនៅឋានប្រភេទជាផ្ទះជាប់ដីកាន់តែរីកសាយទៅកាន់តំបន់ជាយក្រុង

ដោយ៖ លក្ខិណា

ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍលំនៅឋានជាប្រភេទផ្ទះជាប់ដីបានរីករាលដាលកាន់តែខ្លាំងទៅកាន់តំបន់ជាយរាជធានី ដែលធ្វើឱ្យតំបន់វាលស្រែ តំបន់ព្រៃក្លាយជាសំណង់បុរី លំនៅឋានជាច្រើន និងមានផ្លូវខ្វាត់ខ្វែង។

អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានលើកឡើងថា កំណើននៃតម្រូវការលំនៅឋានរបស់ពលរដ្ឋបានធ្វើឱ្យមានការអភិវឌ្ឍលំនៅឋានជាបន្តបន្ទាប់ ហើយតាមរយៈការអភិវឌ្ឍលំនៅឋាននេះហើយ គឺបានកែប្រែពីតំបន់វាលស្រែតំបន់ស្ងាត់ជ្រងំមកក្លាយជាតំបន់លំនៅឋាន តំបន់ដែលមានផ្លូវខ្វាត់ខ្វែង និងអគ្គិសនីប្រើប្រាស់នៅតាមតំបន់ជាយរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានថ្លែងថា ការអភិវឌ្ឍលំនៅឋានជាប្រភេទផ្ទះជាប់ដី គឺភាគច្រើនសម្រាប់ផ្គត់ផ្គង់ទៅអតិថិជនក្នុងស្រុក ព្រោះប្រជាពលរដ្ឋក្នុងស្រុកជាច្រើននៅតែចូលចិត្តរស់នៅផ្ទះជាប់ដី ដែលមានទីធ្លានៅខាងមុខផ្ទះ ហើយដើម្បីអភិវឌ្ឍន៍លំនៅឋានប្រភេទនេះ បានអ្នកអភិវឌ្ឍន៍ត្រូវការទិញដីនៅតំបន់ជាយរាជធានី ដើម្បីសាងសង់ព្រោះដីធ្លីនៅតំបន់នោះ នៅមានកម្រិតទាប បើធៀបនឹងដីនៅតំបន់កណ្ដាលក្រុង ដូច្នេះហើយអ្នកដែលត្រូវការទិញផ្ទះជាប់ដីត្រូវទៅរកតំបន់ជាយរាជធានី។

លោកបន្តថា សម្រាប់ដីនៅកណ្ដាលក្រុងវិញ គឺគេទុកសម្រាប់សាងសង់ជាអគារខុនដូខ្ពស់ ឬអគារការិយាល័យជាដើ ដែលអាចរកប្រយោជន៍បានច្រើនជាងការសង់ផ្ទះជាប់ដី។ លោកបានថ្លែងថា “ជាការកត់សម្គាល់ ការអភិវឌ្ឍលំនៅឋាន ត្រូវបានមើលឃើញរីកលូតលាស់ស្ទើរតែគ្រប់ទិស នៃរាជធានីភ្នំពេញ ហើយតំបន់ណា ដែលមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ គឺទទួលបានការអភិវឌ្ឍលំនៅឋានច្រើន ព្រោះតែការគាំទ្រពីប្រជាពលរដ្ឋ”។

លោកបន្ថែមថា នៅក្នុងពេលកម្ពុជាជួបប្រទះនឹងវិបត្តិកូវីដ១៩នេះដែរ តម្រូវការលំនៅឋានសម្រាប់អ្នកក្នុងស្រុកនៅតែមាន ហើយថយចុះតែប្រភេទអចលនទ្រព្យដែលបម្រើសម្រាប់ជនបរទេសប៉ណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here