ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសាងសង់លំនៅដ្ឋានថ្មីកាលពីខែសីហានៅសហរដ្ឋអាមេរិកបានធ្លាក់ចុះមកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេលជិត២ឆ្នាំកន្លះ ដោយសារការកើនឡើងនៃចំនួនលំនៅដ្ឋានលក់មិនដាច់(Unsold home)។
ការធ្លាក់ចុះនេះជាសញ្ញាបង្ហាញថា ទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិកនៅតែមានស្ថានភាពមិនសូវល្អប្រសើរ។ ក្រុមសេដ្ឋវិទូមួយចំនួនជឿជាក់ថា ការកើនឡើងនៃចំនួនលំនៅដ្ឋានលក់មិនដាច់បានធ្វើឱ្យការសាងសង់លំនៅដ្ឋានថ្មីធ្លាក់ចុះ។
ការិយាល័យជំរឿនរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ថា ការសាងសង់លំនៅដ្ឋានថ្មីបានធ្លាក់ចុះ៧ភាគរយមកនៅត្រឹមចំនួន៨៩០.០០០យូនីតកាលពីខែសីហា។ ចំនួននេះជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែមេសា ឆ្នាំ២០២៣។
ក្រុមសេដ្ឋវិទូបានបង្ហាញក្តីសង្ឃឹមថា ការកាត់បន្ថយអត្រាការប្រាក់ជាបន្តបន្ទាប់របស់ធនាគារកណ្តាលអាមេរិក(Fed) នឹងធ្វើឱ្យទីផ្សារលំនៅដ្ឋានអាមេរិកងើបឡើងវិញ។ជាក់ស្តែង ធនាគារ Fed បានបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយកាលពីថ្ងៃទី១៧ ខែកញ្ញា។
ការធ្លាក់ចុះនៃតម្លៃផ្ទះថ្មី និងការខ្វះខាតកម្មករសំណង់ បានកើតមានឡើង ស្របពេលដែលរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់វិធានការដើម្បីបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីទឹកដីអាមេរិក។
លោក Samuel Tombs ប្រធានសេដ្ឋវិទូអាមេរិកនៅស្ថាប័ន Pantheon Macroeconomics បានលើកឡើងថា ការធ្លាក់ចុះនៃទំនុកចិត្ត និងទីផ្សារការងារកំពុងជះផលប៉ះពាល់ដល់តម្រូវការលំនៅដ្ឋាននៅសហរដ្ឋអាមេរិក។
លោក Samuel Tombs រំពឹងថា ការធ្លាក់ចុះនៃការវិនិយោគលើទីផ្សារលំនៅដ្ឋានអាមេរិកនឹងបន្តជះផលប៉ះពាល់លើកំណើនសេដ្ឋកិច្ចអាមេរិករហូតដល់ពាក់កណ្តាលឆ្នាំ២០២៦ខាងមុខ៕ប្រភព: The Business Times៕









