ដោយៈ ម៉ាណា
កូឡាឡាំពួរៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការសន្តិសុខសាយប័រ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ភាគីកម្ពុជាតំណាងដោយ លោកសំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងក្រុមហ៊ុនសម្ព័ន្ធ Axiata Group Berhad តំណាងដោយ លោក Vivek Sood នាយកប្រតិបត្តិ និងជាអភិបាលគ្រប់គ្រងនៃក្រុមហ៊ុន។
អនុស្សរណៈនៃការយោគយល់នេះ សំដៅពង្រឹងកិច្ចសហការក្នុងការលើកកម្ពស់សមត្ថភាពស្ថាប័ន ការផ្លាស់ប្ដូរព័ត៌មាន និងការចែករំលែកបទពិសោធពាក់ព័ន្ធនឹងសន្តិសុខសាយប័រ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមជាមួយឯកឧត្ដម Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី និងថ្នាក់ដឹកនាំរដ្ឋ និងឯកជនជាច្រើនក្នុងប្រទេសម៉ាឡេស៊ី ក្នុង “សន្និសីទកិច្ចសហការក្នុងតំបន់អាស៊ីអាគ្នេយ៍” របស់ក្រុមហ៊ុនChina Mobile ដើម្បីជជែកពិភាក្សាអំពីឱកាស និងកិច្ចសហការដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត ក្នុងប្រទេសម៉ាឡេស៊ីនិងក្នុងតំបន់។
ថ្លែងក្នុងសន្និសីទនេះ រដ្ឋមន្រ្តីបានចែករំលែកអំពីសមិទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការងារពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត តួយ៉ាងការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត។
នាថ្ងៃទី១៤ ខែសីហា លោករដ្ឋមន្ត្រីបានអញ្ជើញធ្វើទស្សនកិច្ចនៅទីភ្នាក់ងារពន្លឿនការស្រាវជ្រាវ សម្រាប់បច្ចេកវិទ្យានិងនវានុវត្តន៍នៃប្រទេសម៉ាឡេស៊ី (Malaysia Research Accelerator for Technology and Innovation) និង សហគ្រាសសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី (Malaysia Digital Economy Corporation) ដើម្បីស្វែងយល់អំពីដំណើរការការងារ សមិទ្ធផល និងបទពិសោធរបស់ទីភ្នាក់ងារទាំងពីរក្នុងការរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសម៉ាឡេស៊ី។
ស្របគ្នានឹងការជំរុញការកសាងហេដ្ឋរចនាសម្ព័ន្ធ និងធនធានមនុស្សឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងពង្រឹងនិងពង្រីកបរិយាកាសអំណោយផល សម្រាប់ធុរកិច្ចថ្មីឌីជីថល តាមរយៈកិច្ចសហការ ជាមួយវិស័យឯកជននិងដៃគូអន្តរជាតិ ជាពិសេសការបង្កើតសួនឌីជីថល ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា៕







