ដោយៈ ម៉ាណា
ម៉ាឡេស៊ីៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកពេជ ឫទ្ធី បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៨ របស់ក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នៅទីក្រុងកុនតាន រដ្ឋប៉ាហាង ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាតាមដានវឌ្ឍនភាពនៃការអនុវត្តរបៀបវារៈ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ (១)និន្នាការសេដ្ឋកិច្ចតំបន់ និងផ្លាស់ប្ដូរទស្សនទានដើម្បីពង្រឹងសេដ្ឋកិច្ចអាស៊ាន ក្នុងបរិបទនិន្នាការសេដ្ឋកិច្ចតំបន់ និងសាកល (២) ការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០២៥ (៣)តាមដានការអនុវត្តផែនការលម្អិតសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥។
(៤) វឌ្ឍនភាពនៃការអនុវត្តផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ (៥) ទស្សនវិស័យអាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្រ្ត និង(៦) វឌ្ឍនភាពការគ្រោងអនុវត្តនៃការពិនិត្យឡើងវិញនូវរបៀបរបបប្រជុំនានា ក្រោមសហគមន៍សេដ្ឋកិច្ច អាស៊ាន។
បន្ថែមពីនេះទៀត កិច្ចប្រជុំនេះបានរៀបចំនូវអនុសាសន៍ ជូនកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៧ ដែលគ្រោងនឹងរៀបចំឡើងនៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕









