ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Vnexpress បានរាយការណ៍ថា នាវាឯកជនប្រណីត (Superyacht) ដែលដើរដោយថាមពលអុីដ្រូសែនរបស់លោក Bill Gates កំពូលមហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft កំពុងត្រូវបានប្រកាសដាក់លក់។
នាវានេះមានតម្លៃ៦៤៥លានដុល្លារអាមេរិក ហើយបើយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោក Bill Gates មិនធ្លាប់យកនាវានេះមកប្រើប្រាស់នោះទេ។
នាវាមានប្រវែង៣៩០ហ្វីត និងត្រូវបានគេចាត់ទុកជានាវាផ្ទុកថាមពលអុីដ្រូសែនដំបូងគេលើពិភពលោក។ បច្ចុប្បន្ន នាវានេះកំពុងត្រូវបានប្រកាសដាក់លក់ដោយក្រុមហ៊ុនឈ្មួញជើងសា Edmiston។ នាវានេះនឹងត្រូវបានដាក់តាំងបង្ហាញនៅកម្មវិធី Monaco Yacht Show ក្នុងខែកញ្ញាខាងមុខ។
លោក Jamie Edmiston នាយកប្រតិបត្តិរបស់ក្រុមហ៊ុនឈ្មួញជើងសា Edmiston បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នាវានេះជាទូកកម្សាន្តអស្ចារ្យខ្លាំងជាងគេបំផុតដែលមិនធ្លាប់មានលើពិភពលោក”។
នាវានេះត្រូវបានផលិតដោយក្រុមហ៊ុនផលិតកប៉ាល់ Feadship ក្នុងប្រទេសហូឡង់ និងត្រូវបានរចនាម៉ូដដោយក្រុមហ៊ុនស្ថាបត្យកម្មទេសចរណ៍ RWD របស់ប្រទេសអង់គ្លេស។ ក្រុមហ៊ុនទាំង២ បានចំណាយពេលចំនួន៥ឆ្នាំដើម្បីបញ្ចប់ការផលិត និងការរចនារួចរាល់។
យោងតាមប្រភពព័ត៌មានពីកាសែត New York Post បានឱ្យដឹងថា នាវានេះដំណើរការដោយប្រព័ន្ធឥន្ធនៈអុីដ្រូសែនជំនាន់ថ្មីចុងក្រោយ ដោយអាចរក្សាទុកថាមពលអុីដ្រូសែនរាវក្នុងកម្រិតសីតុណ្ហភាពដក២៥៣អង្សារសេ៕ប្រភព: Vnexpress៕









