តើសេដ្ឋកិច្ចរបស់ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពបែបណាគិតត្រឹមឆមាសទី១ ឆ្នាំនេះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទស្សនវិស័យសេដ្ឋកិច្ចរបស់ពិភពលោកក្នុងឆ្នាំ២០២៥នេះបានធ្លាក់ក្នុងភាពមិនប្រាកដប្រជា ស្របពេលមានសង្គ្រាមរវាងរុស្សុី-អ៊ុយក្រែននៅតំបន់អឺរ៉ុប និងជម្លោះនៅក្នុងតំបន់មជ្ឈឹមបូព៌ា បូករួមទាំងសង្គ្រាមពាណិជ្ជកម្ម និងបម្រែបម្រួលអាកាសធាតុ។

ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកនៅត្រឹម២,៣ភាគរយ ក្នុងឆ្នាំ២០២៥ ដែលជាអត្រាកំណើនទាបបំផុតចាប់តាំងពីឆ្នាំ២០០៨។ ការ​ទម្លាក់​ការព្យាករណ៍​នេះ​បណ្តាលមក​ពី​​ភាព​តាន​តឹង​ពាណិជ្ជកម្ម និង​ភាព​មិន​ប្រាកដ​ប្រជា​ខាង​គោល​នយោបាយ។

កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះយ៉ាងគំហុកពីក្នុងរង្វង់២,៨ភាគរយកាលពីឆ្នាំ២០២៤ មកនៅត្រឹម១,៥ភាគរយទៅ១,៦ភាគរយ នៅក្នុងឆ្នាំ២០២៥នេះ ដោយសារតែការថយចុះនូវតម្រូវការប្រើប្រាស់ អតិផរណា និងបញ្ហាពន្ធគយពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រាអតិផរណានៅក្នុងប្រទេសមហាអំណាចលេខ១ ត្រូវបានគេព្យាករណ៍ថា នឹងនៅតែបន្តមានកម្រិតខ្ពស់ ដោយសារការដំឡើងពន្ធគយលើការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិក និងភាពតានតឹងនៃទីផ្សារការងារ។

ដោយឡែក សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងរង្វង់៥,៣ភាគរយនៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ដោយសារកំណើននៃការនាំចេញ និងកិច្ចខិតខំប្រឹងប្រែងជំរុញគោលនយោបាយសារពើពន្ធ។

ទោះបីជាយ៉ាងណាក្តី ការប្រើប្រាស់ក្នុងស្រុកនៅតែបន្តថយចុះ ខណៈវិស័យអចលនទ្រព្យក្នុងប្រទេសចិនស្ថិតក្នុងភាពជាប់គាំង និងអតុល្យភាពផ្សេងៗទៀត។ហេតុនេះ រដ្ឋាភិបាលចិនត្រូវធ្វើកំណែទម្រង់សេដ្ឋកិច្ចដើម្បីរក្សាសន្ទុះសេដ្ឋកិច្ចរហូតដល់ឆមាសទី២។

វឌ្ឍនភាពកំណើនសេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​មាន​ភាពយឺតយ៉ាវ ខណៈសេដ្ឋកិច្ចនៅតំបន់នេះត្រូវបានគេព្យាករណ៍ថា នឹង​សម្រេចបានអត្រាកំណើនចន្លោះពី១ភាគរយទៅ១,៣ភាគរយនៅ​ឆ្នាំ២០២៥។

អត្រាអតិផរណានៅតំបន់នេះកំពុងវិលត្រឡប់ទៅរកគោលដៅរបស់ធនាគារកណ្តាលអឺរ៉ុប។ ការណ៍នេះនឹងបើកឱកាសសម្រាប់ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ទោះបីជាការថយចុះនូវតម្រូវការក្នុងស្រុក និងការនាំចេញ បានបន្តបង្កជាឧបសគ្គយ៉ាងណាក្តី។

ប្រទេសឥណ្ឌានៅតែជាប្រទេសមានកំណើនសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត ខណៈសេដ្ឋកិច្ចឥណ្ឌាត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាចន្លោះពី៥,៩ភាគរយទៅ៦,៧ភាគរយ ក្នុងឆ្នាំ២០២៥ ដោយរក្សាបាននូវឋានៈជាប្រទេសមានសេដ្ឋកិច្ចធំ និងរីកលូតលាស់លឿនបំផុតនៅទូទាំងពិភពលោក។

បណ្តាប្រទេសនានានៅតំបន់អាស៊ីខាងត្បូង ជាទូទៅ នឹងអាចសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រហែល៦ភាគរយ ទោះបីជាប្រទេសទាំងនោះប្រឈមមុខនឹងការធ្លាក់ចុះនៃការវិនិយោគ ទីផ្សារការងារ និងភាពងាយរងគ្រោះនឹងអាកាសធាតុយ៉ាងណាក្តី៕ប្រភព: World Bank៕

LEAVE A REPLY

Please enter your comment!
Please enter your name here