ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមវិនិយោគិនចិនមីននៅកម្ពុជា ដឹកនាំដោយលោក Luo Chan Fa (ល័រ ឆានហ្វា) ប្រធានប្រតិបត្តិនៃសមាគម។
សមាជិកសមាគមវិនិយោគិនចិន មីននៅកម្ពុជា មានក្រុមហ៊ុនជាសមាជិកចំនួនប្រមាណ១៣០ ដែលភាគច្រើនជាវិនិយោគិនចិនមកពីខេត្តហ៊្វូជាន។
លោកអគ្គលេខាធិការបានមានមតិ ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ លោកជា វុទ្ឋី បានអបអរសាទរដែលសមាគមបានធ្វើពិធីប្រកាសបើកដំណើរការជាផ្លូវការ និងបានប្រកាសក្រុមប្រឹក្សាភិបាលអាណត្តិទី១ នាពេលថ្មីៗកន្លងមកនេះ ហើយលោក សង្ឃឹមថា តាមរយៈការខិតខំរបស់សមាគម កម្ពុជានឹងអាចទទួលបាននូវការវិនិយោគចិនបន្ថែមទៀតជាបន្តបន្ទាប់ បន្ថែមលើកំណើននៃរំហូរវិនិយោគចិនមកកម្ពុជានាពេលបច្ចុប្បន្ន។
ដោយសារវិនិយោគគិនមកខេត្ត ហ្វូជាន មានជំនាញ និងបទពិសោធន៍ក្នុងការកែច្នៃថ្មម៉ាប លោកអគ្គលេខាធិការបានជំរុញឱ្យសមាគមធ្វើការជួយទាក់ទាញវិនិយោគិនខេត្ត ហ្វូជាន មកធ្វើការវិនិយោគលើការកែច្នៃថ្មម៉ាបនៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារចិន។
ទន្ទឹមនេះ លោកអគ្គលេខាធិការបានស្នើឱ្យវិនិយោគិនខេត្ត ហ្វូជាន គិតគូរបណ្តាក់ទុនវិនិយោគបង្កើត ជាចង្កោមឧស្សាហកម្មមួយ ដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។
លោកជា វុទ្ឋីបានបន្ថែមទៀតថា ស្ថិតក្នុងបរិបទបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងខិតខំលើកកម្ពស់បរិស្ថានវិនិយោគ និងធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យបានច្រើនជាអតិបរមា។ បន្ថែមលើនេះលោកលេខាធិការក៏បានស្វាគមន៍ ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វូជាននៅកម្ពុជាផងដែរ និងបានស្នើឱ្យក្រុមហ៊ុនបំពេញ បែបបទស្នើសុំវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមនីតិវិធីជាធរមាន។
លោក Luo Chan Fa បានថ្លែងអំណរគុណជូនចំពោះលោក អគ្គលេខាធិការ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយប្រតិភូ សមាគមវិនិយោគិនចិនមីននៅកម្ពុជា។
លោកបានជម្រាបជូនថា សមាគមមានបេសកកម្មរួមគ្នា ដើម្បីចងជាសម្ព័ន្ធភាព និងពង្រឹងមិត្តភាពរវាងប្រជាជនខេត្ត ហ្វូជាន និងប្រជាជនកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគិនពីខេត្ត ហ្វូជាន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ សមាជិកសមាគមវិនិយោគិនចិន មីននៅកម្ពុជាភាគច្រើន សុទ្ធតែបានបណ្តាក់ទុនវិនិយោគនៅកម្ពុជារួចហើយ។ បច្ចុប្បន្នសមាគមបាន និងកំពុងខិតខំកៀរគរសមាជិក ក៏ដូចជាវិនិយោគិនចិនមកពីខេត្ត ហ្វូជាន ដើម្បីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕












