ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យមានការជួញ ដូរ លើរូបបិយប័ណ្ណគ្រីបតូមួយចំនួន ជាមួយនេះក្រុមហ៊ុនElite Estate Co, Ltdបានប្រកាសផ្តល់សេវាកម្ម លើការទិញ លក់ អចលនទ្រព្យលើកដំបូងនៅកម្ពុជា។
នាយកប្រតិបត្តិElite Estate Co, Ltdលោកទេព បញ្ញាបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ការប្រកាសរបស់រដ្ឋាភិបាល លើការទទួលស្គាល់ និងអនុញ្ញាត្តឲ្យជួញដូរគ្រីបតូ ដែលមានច្រើនប្រភេទនៅលើទីផ្សារ ជាការសម្រេចចិត្តដ៏ឈ្លាសវៃមួយ ដើម្បីទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
លោកបញ្ជាក់ថា “ក្រុមការងាររបស់យើងបទពិសោធន៍ និងមានជំនាញលើរូបិយប័ណ្ណគ្រីវបតូ អស់រយ
ៈពេលជាង១០ឆ្នាំហើយ ដែលយើងអាចធ្វើការងារនេះបានដោយរលូន”។ លោកបន្តថា “យើងស្វាគមន៍អ្នកវិនិយោគពីអន្តរជាតិ ដើម្បីបោះទុនវិនិយោគនៅទីនេះ ក្នុងន័យជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា”។
លោកទេព បញ្ញាបានបន្តថា តាមពិតគំរោងខុនដូ និងអ្នកអភិវឌ្ឍន៍អន្តរជាតិមួយចំនួន ដែលកំពុងអភិវឌ្ឍន៍គំរោងមួយចំនួន នៅកម្ពុជាបាននិងកំពុងទទួលយកគ្រីបតូ ដោយស្ងាត់ស្ងៀមរួចទៅហើយ ខណៈអ្នកនៅក្នុងវិស័យហិរញ្ញវត្ថុក្តី ប្រជាពលរដ្ឋកម្ពុជាទូទៅក្តី មិនទាន់បានយល់ឬប្រើប្រាស់រូបិយប័ណ្ណនេះឲ្យបានទូលំទូលាយនៅឡើយ។
ជាមួយគ្នានេះ លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ដែលបានចាប់ផ្តើមរៀនសូត្រ និងវិនិយោគលើវិស័យនេះ បានលើកឡើងផងដែរថា គ្រីបតូបាននិងកំពុងធ្វើបដិវត្តន៍ឧស្សាហកម្មហិរញ្ញវត្ថុលើពិភពលោក ជាក់ស្តែងប្រធានាធិបតីដូណាល់ ត្រាំ ដែលបានចូលកាន់ដំណែង នៅសេតវិមានកំពុងជម្រុញឧស្សាហកម្មនេះ។
លោកបន្តថា អ្នកមាន ឬមហាសេដ្ឋីលើពិភពលោកច្រើនណាស់ បាននិងកំពុងវិនិយោគ និងកាន់កាប់រូបិយប័ណ្ណគ្រីបតូ ដែលពួកគេកំពុងស្វែងរកឱកាសវិនិយោគ លើគំរោងរបស់ពួកគេ ហេតុនេះការពង្រឹងបទបញ្ញត្តិនេះឲ្យបានលឿន និងទូលំទូលាយពីរដ្ឋាភិបាលកម្ពុជា មានសារៈសំខាន់ណាស់ ដើម្បីលើកស្ទួយវិស័យអចកនទ្រព្យ និងជម្រុញសេដ្ឋកិច្ចកម្ពុជាមួយកម្រិតទៀត៕