វិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមក្លាយជាតារាកំពុងរះនៅក្នុងតំបន់អាស៊ាន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងងើបឡើងវិញយ៉ាងគំហុកនៅឆ្នាំនេះ ដោយសារការធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តរបស់បណ្តាវិនិយោគិន និងការកំណត់អត្រាការប្រាក់ទាប។

ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ភាពរីកចម្រើននៃទីផ្សារការិយាល័យ លំនៅដ្ឋាន និងអចលនទ្រព្យបែបឧស្សាហកម្ម ជាកត្តាសំខាន់ក្នុងការពង្រឹងឋានៈរបស់វៀតណាមជាគោលដៅនៃការវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ាន។

យោងតាមរបាយការណ៍ស្តីពីទស្សនវិស័យទីផ្សារអចលនទ្រព្យវៀតណាមឆ្នាំ២០២៥ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា “វៀតណាមនៅតែជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅតំបន់អាស៊ាន ទោះបីជាសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងណាក្តី”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ ការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើននៃវិស័យអចលនទ្រព្យនៅទូទាំងប្រទេសមួយនេះ។

លោក Will Tran អ្នកជំនាញនៅក្រុមហ៊ុន JLL Vietnam បានកត់សម្គាល់ថា បណ្តាក្រុមហ៊ុននានាកំពុងស្វែងរកការិយាល័យធ្វើការកម្រិតខ្ពស់ និងទំនើបដើម្បីបង្កើនផលិតភាព និងនិរន្តរភាព ដែលជានិន្នាការជំរុញឱ្យមានតម្រូវការបន្ទប់ការិយាល័យមានគុណភាពខ្ពស់។

ដោយឡែក ទីផ្សារលំនៅដ្ឋានរបស់វៀតណាម ដែលបានដាំក្បាលចុះដល់បាតក្នុងឆ្នាំ២០២៤ ត្រូវបានគេព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំនេះ។ក្រុមអ្នកជំនាញបានវាយតម្លៃថា “ការកែទម្រង់គោលនយោបាយនានាសំដៅបង្កើនតម្លាភាព និងពន្លឿនការអនុម័តគម្រោងវិនិយោគ នឹងជំរុញឱ្យការផ្គត់ផ្គង់លំនៅដ្ឋានថ្មីកើនឡើង”។

បណ្តាអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគបានបន្តបោះទុនវិនិយោគយ៉ាងច្រើនទៅលើទីផ្សាររបស់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ព្រមទាំងតំបន់ទីក្រុងរណប ដែលមានតម្រូវការលំនៅដ្ឋានកើនឡើងជាលំដាប់។

វៀតណាម​ក៏​បាន​ពង្រឹង​ឋានៈរបស់​ខ្លួន​ក្នុង​នាម​ជា​មជ្ឈមណ្ឌលប្រមូលផ្តុំផលិតកម្ម​នៅ​តំបន់អាស៊ាន។ប្រទេសនេះកំពុងទទួលបានអត្ថប្រយោជន៍ពីការកែសម្រួលគោលនយោបាយក្នុងស្រុក ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់សកល និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតា។ កត្តាទាំងនេះបានបង្កើនភាពទាក់ទាញរបស់វៀតណាមនៅក្នុងវិស័យឧស្សាហកម្ម និងភស្តុភារ។

ក្រុមអ្នកជំនាញនៅតែមានសុទិដ្ឋិនិយមអំពីកាលានុវត្តភាពនៃការវិនិយោគក្នុងឆ្នាំ២០២៥ ស្របពេលដែលទីផ្សារអចលនទ្រព្យរបស់វៀតណាមឈានចូលដំណាក់កាលថ្មីមួយនៃការកើនឡើងនូវកំណើនសេដ្ឋកិច្ច៕ប្រភព: Vietnam Plus៕

LEAVE A REPLY

Please enter your comment!
Please enter your name here