ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ទីផ្សារលំនៅដ្ឋានរបស់ទីក្រុងហុងកុងនៃប្រទេសចិនកំពុងបង្ហាញសញ្ញាល្អប្រសើរឡើងវិញ បន្ទាប់ពីរដ្ឋបាលក្រុងហុងកុងបានសម្រេចចិត្តបញ្ចុះអត្រាពន្ធប្រថាប់ត្រាលើការទិញផ្ទះល្វែងតូចៗ។
យ៉ាងណាមិញ ក្រុមអ្នកជំនាញអចលនទ្រព្យបានវាយតម្លៃថា “ទីផ្សារភាគហ៊ុនបានដើរតួនាទីកាន់តែធំក្នុងការជំរុញទំនុកចិត្តរបស់អ្នកវិនិយោគ ហើយនិន្នាការអត្រាការប្រាក់នៅតែមានសារៈសំខាន់”។
រដ្ឋបាលទីក្រុងហុងកុងបានកាត់បន្ថយពន្ធប្រថាប់ត្រាលើការលក់ផ្ទះល្វែង ដែលមានតម្លៃចាប់ពី៤លានដុល្លារហុងកុងចុះក្រោម(ប្រហែល៥១៥.០០០ដុល្លារអាមេរិក) មកនៅសល់ត្រឹមតែ១០០ដុល្លារហុងកុងប៉ុណ្ណោះ បើធៀបនឹងកាតព្វកិច្ចបង់ពន្ធពីមុនចំនួន៦០.០០០ដុល្លារហុងកុង។
លោក Lau Ka-fai ប្រធានក្រុមអ្នកវិភាគនៅក្រុមហ៊ុន Midland បានលើកឡើងថា “គោលនយោបាយថ្មីនេះបានជួយជំរុញទីផ្សារលំនៅដ្ឋានហុងកុង តាមរយៈការជំរុញអត្រានៃការលក់ផ្ទះល្វែងតូចៗនៅក្នុងគម្រោងដែលទើបបើកដំណើរការថ្មី”។
គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ការលក់ផ្ទះល្វែង ដែលមានតម្លៃចន្លោះពី៣លានដុល្លារហុងកុងទៅ៤លានដុល្លារហុងកុងក្នុងមួយយូនីត បានកើនឡើង១,៩ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ ឆ្នាំនេះ និងកើនឡើង៣,៥ដងបើធៀបនឹងឆ្នាំមុន។
តម្រូវការលំនៅដ្ឋាននៅទីក្រុងហុងកុងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៣សប្តាហ៍នៃខែមីនាកន្លងមកនេះ។
ជាក់ស្តែង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រុមហ៊ុន Vanke Hong Kong បានលក់ដាច់ផ្ទះល្វែងចំនួន២២៨យូនីតនៅក្នុងគម្រោងអភិវឌ្ឍន៍ថ្មី “Tai Po”របស់ខ្លួន។
ចំណែក គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន Yoho West Parkside របស់ក្រុមហ៊ុន Sun Hung Kai Properties នៅក្នុងសង្កាត់ Tin Shui Wai ក៏ទទួលបានអតិថិជនមកទិញយ៉ាងច្រើនផងដែរ៕ប្រភព: SCMP៕