ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Pattaya Mail បានឱ្យដឹងថា បណ្តាភ្ញៀវទេសចរណ៍បរទេស និងអ្នកវិនិយោគអចលនទ្រព្យកំពុងតាមដានយ៉ាងដិតដល់ទៅលើអត្រាប្តូរប្រាក់រវាងប្រាក់បាតរបស់ថៃធៀបនឹងប្រាក់ដុល្លារអាមេរិក ឬប្រាក់អឺរ៉ូ ដោយសង្ឃឹមថា ប្រាក់បាតនឹងធ្លាក់ថ្លៃចុះ។
ភាពធន់នៃតម្លៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារបានកាត់បន្ថយនូវភាពទាក់ទាញរបស់ប្រទេសថៃ ក្នុងនាមជាគោលដៅទេសចរណ៍ដែលចំណាយសមរម្យ និងជាគោលដៅនៃការវិនិយោគអចលនទ្រព្យ។
តួយ៉ាង កាលពីពេលមុន បណ្តាភ្ញៀវទេសចរណ៍មកពីតំបន់អឺរ៉ុបអាចយកប្រាក់ចំនួន១អឺរ៉ូ ទៅប្តូរបានប្រាក់ចំនួន៥០បាត។ប៉ុន្តែ នាពេលបច្ចុប្បន្ន ប្រាក់ចំនួន១អឺរ៉ូអាចយកទៅប្តូរបានចំនួន៣៥,៨៥បាតប៉ុណ្ណោះ។
ការងើបឡើងថ្លៃនៃប្រាក់បាតបានធ្វើឱ្យថ្លៃចំណាយទៅលើការស្នាក់នៅ ការទទួលទានអាហារ និងការដើរទិញឥវ៉ាន់របស់ជនបរទេសកើនឡើង។ ការណ៍នេះបានកាត់បន្ថយអំណាយនៃការទិញរបស់អ្នកដំណើរមកពីតំបន់ចាយប្រាក់អឺរ៉ូ និងតំបន់ផ្សេងទៀត។
ជាមួយគ្នានេះ បណ្តាវិនិយោគិនអចលនទ្រព្យបរទេស ជាពិសេសមកពីប្រទេសចិន ប្រទេសរុស្សី និងតំបន់អឺរ៉ុប ក៏បានសម្តែងនូវការព្រួយបារម្ភអំពីភាពរឹងមាំនៃតម្លៃប្រាក់បាតផងដែរ។
ប្រសិនបើប្រាក់បាតរបស់ថៃធ្លាក់ថ្លៃចុះ នោះវានឹងអាចធ្វើឱ្យតម្លៃអចលនទ្រព្យក្នុងប្រទេសថៃកាន់តែមានកម្រិតសមរម្យសម្រាប់អតិថិជនបរទេស។ ការណ៍នេះអាចជំរុញការវិនិយោគលើខុនដូ វីឡា និងអចលនទ្រព្យផ្សេងទៀតនៅតាមតំបន់ទេសចរណ៍សំខាន់ៗដូចជាទីក្រុងបាងកក កោះភូកេត និងប៉ាតាយ៉ាជាដើម។
គោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសថៃ និន្នាការទីផ្សារពិភពលោក និងកិច្ចខិតខំប្រឹងប្រែងស្តារទេសចរណ៍នឹងដើរតួយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅនាពេលអនាគតរបស់អត្រាប្តូរប្រាក់រវាងប្រាក់បាតធៀបនឹងប្រាក់ដុល្លារអាមេរិក ឬប្រាក់អឺរ៉ូជាដើម៕ប្រភព: Pattaya Mail៕