គ្រឹះស្ថានហិរញ្ញវត្ថុនានាបានរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់៨៥០លានដុល្លារ

ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនានា បានរៀបំឥណទានឡោះងវិញជូនអតិថិជន បានចំនួន​៥៧ពាន់​គណនី ដែល​ស្មើនឹង​ទឹក​ប្រាក់​ប្រមាណ៨៥០​លាន​ដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំនេះ។

ចំនួន​ទឹក​ប្រាក់​នេះ​ គឺ​ស្មើ​​នឹង​ ១,៥ ភាគ​រយ​នៃ​ទំហំឥណទាន​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅកម្ពុជា។ នេះ​បើ​យោង​តាម​មន្ត្រី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា(NBC)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គ​នាយករង​បទប្បញ្ញត្តិ និង​បរិយាបន្ន​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​នាយកដ្ឋាន​បទ​ប្បញ្ញត្តិ ធនាគារ​ជាតិ​នៃ​កម្ពុជា លោកស្រី ម៉ក់ រស្ម៊ី បាន​ឱ្យ​ដឹង​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​តុមូល​ស្តីពី “ស្ថានភាព​បំណុល​នៅ​កម្ពុជា” ​ដែលរៀបចំ​ដោយ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា កាល​ពី​ថ្ងៃទី៤ ខែធ្នូ ថា នៅ​ត្រឹម​ដំណាច់​ខែវិច្ឆិកា ឆ្នាំ ២០២៤ ការរៀបចំ​ឥណទាន​ឡើង​វិញ​ពី​សំណាក់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​ជូន​ទៅ​ដល់​អតិថិជន​របស់​ខ្លួន​ គឺ​មាន​ប្រមាណ​៥៧​ពាន់​គណនី ប៉ុន្តែ​បើ​គេ​រាប់​ចំនួន​អតិថិជន ​គឺ​មានត្រឹម​តែ​ជាង៥៣​ពាន់​អតិថិជន​ប៉ុណ្ណោះ​។

ការ​រៀបចំ​ឥណទាន​ឡើង​វិញ គឺ​ជា​វិធី​សាស្រ្ត​ក្នុង​ការ​ជួយ​​សម្រាល​បន្ទុក​ចំណាយ ​ដល់អ្នក​ជាប់​កម្ចី​ដែល​ជួប​បញ្ហា ​ដោយ​សារ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល។

លោកស្រី​ពន្យល់​ថា មូល​ហេតុដែល​ចំនួន​គណនី​ច្រើន​ជាង​ចំនួន​អតិថិជន គឺ​ដោយ​សារ​អតិថិជន​ខ្លះ​មាន​ឥណទាន​ (ខ្ចី​ប្រាក់​)​នៅច្រើន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។ ដូច្នេះ​នៅ​ពេល​គាត់​មាន​បញ្ហា​ប្រាក់ ​សម្រាប់​បង់​សង​ត្រឡប់ គឺ​ពួក​គាត់​អាច​ឱ្យ​គ្រឹះស្ថាន ដែល​គាត់​ជំពាក់​ទាំង​អស់​រៀបចំ​ឥណទាន​ឡើង​វិញ។

លោកស្រី​បន្ត​ថា តាម​រយៈ​ទិន្នន័យ​ខាងលើ​នេះ​បង្ហាញ​ថា ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ​ក្នុង​អំឡុង​ពេល​នេះ គឺ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​បើ​ធៀប​នឹង​វិធានការណ៍ ​ដែល​ធនាគារជាតិ​បាន​ដាក់​ចេញ​កាល​ពី​អំឡុង​ពេល​ការ​រីករាលដាល​ជំងឺ​កូវីដ១៩ ដែល​មានប្រមាណ​១០​ភាគរយ។

​យោង​តាម​របាយការណ៍ ​ចំនួន​ឥណទាន​ពិត​ជាបាន​ថយចុះ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ យើង​ក៏​បាន​សង្កេត​ឃើញ​ថា ប្រាក់​ចំណេញ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​គឺ​នៅ​មាន​នៅ​ឡើយ។ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា ​ទោះបី​ជា​ឥណទាន​នៅ​មាន​ត្រឹម​ប៉ុណ្ណឹង ក៏​ធនាគារ​នៅ​អាច​រស់​បាន តាម​រយៈ​ប្រាក់​ចំណេញ​បច្ចុ​របស់​គាត់​។ អ៊ីចឹង​មាន​​ន័យថា វិស័យ​ធនាគារ​ទាំង​មូល​នៅ​មានភា​ពធន់។

លោកស្រី​លើក​ឡើង​ទៀត​ថា កន្លង​មក​មាន​បុគ្គល​មួយ​ចំនួន​គិត​ថា​ការ​រៀបចំឥណទាន​ឡើង​វិញ ​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​ផល​ចំណេញ ប៉ុន្តែ​ធាតុ​ពិត ​គឺ​វា​ធ្វើ​ឱ្យ​អតិថិជន​(អ្នក​ជាប់​បំណុល) ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ត្រូវ​បង់​ការ​ប្រាក់​កាន់​តែ​ច្រើន ដោយ​សារ​តែ​ការ​ពន្យា​ពេល​សង់​ត្រឡប់។

សមាជិក​ក្រុមប្រឹក្សា​ភិបាល​សមាគម​ធនាគារ​កម្ពុជា ​ លោក តូច ចៅចេក បាន​ឱ្យ​ដឹង​ថា សម្រាប់​គ្រឹះស្ថាន​ធនាគារ គិត​ត្រឹ​មខែតុលា ឆ្នាំ​២០២៤ ទំហំ​នៃ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ​មានទឹក​ប្រាក់​ជាង ៥០០លាន​ដុល្លារ។

លោក​កត់​សម្គាល់​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ បាន​ជួយ​សម្រួល​ឱ្យ​ស្ថានភាព​របស់​អតិថិជន​ វិល​ត្រឡប់​មក​ធម្មតា​វិញ ក្នុង​នោះ​អ្នក​ដែល​ទទួល​បាន​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ពី​ខាង​ធនាគារ​មាន​ប្រមាណ​៧០ ​-​៨០​ភាគ​រយ​ អាច​សង​មក​ធនាគារ​បាន​ទៀងទាត់​ឡើងវិញ។

អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍ និយាយ​ថា ស្ថានភាព​បំណុល​នៅ​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​កម្រិត​មួយ ​ដែល​នៅ​អាច​គ្រប់គ្រង​បាន ដោយ​វា​ពុំ​បង្ក​ឱ្យ​មាន​ការព្រួយ​បារម្ភ​នៅ​ឡើយ​ទេ។

ចំពោះ​ការ​ដាក់​ចេញ​វិធានការ​រៀបចំ ​ឥណទាន​ឡើង​វិញ​ពី​សំណា​ក់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ គឺ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​ជោគជ័យ ​គួរ​ឱ្យ​កត់​សម្គាល់​ទេ ព្រោះ​មាន​បុគ្គល​មួយ​ចំនួន​ គឺ​មិន​បាន​ប្រើ​ប្រាស់​សេវាកម្ម​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ​ឡើយ ពោល​គឺ​ពួកគេ​ជំពាក់​បំណុល​ក្រៅ​ប្រព័ន្ធ។

លោក​បញ្ជាក់​ថា “បញ្ហា​បំណុល​នេះ គឺ​ជា​រឿង​ដែល​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ពហុភាគី ហើយគោល​នយោបាយ​នីមួយៗ​ ត្រូវ​ការ​ពេល​វេលា​នៅ​ក្នុង​ការ​អនុវត្ត ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ និង​ក៏​ត្រូវ​ការ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here