តើផ្សារហ៊ុនធំជាងគេបំផុតរបស់ប្រទេសចិនមានទីតាំងនៅទីក្រុងណា និងមានឥទ្ធិពលបែបណាចំពោះសេដ្ឋកិច្ចចិន?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុនសៀងហៃ (Shanghai Stock Exchange) ជាផ្សារហ៊ុនធំជាងគេបំផុតរបស់ប្រទេសចិន ដែលមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ។គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ផ្សារហ៊ុនសៀងហៃមានតម្លៃមូលធនបត្រទីផ្សារសរុបជាទឹកប្រាក់ចំនួន៦,៤១ទ្រីលានដុល្លារអាមេរិក។

គិតត្រឹមអំឡុងពេលដូចគ្នានេះ ផ្សារហ៊ុនសៀងហៃបានដាក់បញ្ចូលបណ្តាក្រុមហ៊ុនចំនួន២.២៦៩ក្រុមហ៊ុនទៅក្នុងការបញ្ជីរបស់ខ្លួន និងបានបង្កើតសន្ទស្សន៍ភាគហ៊ុនចំនួន២ ដូចជាសន្ទស្សន៍ភាគហ៊ុន SSE Composite
និងសន្ទស្សន៍ភាគហ៊ុន SSE 50។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើផ្សារហ៊ុនសៀងហៃកកើតឡើងយ៉ាងដូចម្តេច?

ទីក្រុងសៀងហៃជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់បំផុតនៃប្រទេសចិន។ ការជួញដូរមូលបត្រនៅទីក្រុងសៀងហៃបានចាប់ផ្តើមទៅចុងទសវត្សរ៍ឆ្នាំ១៨៦០ នៅពេលដែលភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនក្នុងស្រុក និងក្នុងតំបន់ត្រូវបានចុះបញ្ជីនៅក្នុងកាសែតពាណិជ្ជកម្ម។

នៅឆ្នាំ១៨៩១ អ្នកជំនួញជនជាតិអាមេរិក អង់គ្លេស និងបារាំង បានបង្កើតសមាគមភាគហ៊ុន និងឈ្មួញកណ្តាលសៀងហៃ ដែលជាស្ថាប័នជួញដូរភាគហ៊ុនដំបូងគេនៅក្នុងប្រទេសចិន។ នៅឆ្នាំ១៩០៩ សមាគមឈ្មួញជើងសាភាគហ៊ុនមួយទៀតត្រូវបានបង្កើតឡើង ហើយនៅទីបំផុត សមាគមទាំង២ត្រូវបានច្របាច់បញ្ចូលគ្នា និងបង្កើតទៅជាផ្សារហ៊ុនសៀងហៃក្នុងឆ្នាំ១៩២៨។

នៅឆ្នាំ១៩៥០ ផ្សារហ៊ុនសៀងហៃត្រូវបានបិទដំណើរការ ដោយសារបដិវត្តន៍វប្បធម៌នៅក្នុងប្រទេសចិនបានចាប់ផ្តើម ក្រោយពីគណបក្សកុម្មុយនិស្តចិនឡើងកាន់អំណាច។ ផ្សារហ៊ុនសៀងហៃត្រូវបានបើកដំណើរការឡើងវិញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩០ ដើម្បីពង្រឹងកំណើន និងការអភិវឌ្ឍន៍ទីផ្សារមូលធនក្នុងប្រទេសចិន។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៩១ ផ្សារហ៊ុនសៀងហៃបានបើកដំណើរការសន្ទស្សន៍ភាគហ៊ុនដំបូងរបស់ខ្លួន។ ផ្សារហ៊ុនសៀងហៃបានក្លាយជាទីផ្សារលំដាប់កំពូលទី៤ នៅលើពិភពលោកក្នុងឆ្នាំ២០១៦ និងជាប់ឈ្មោះជាទីផ្សារលំដាប់កំពូលទី៣របស់ពិភពលោកនាពេលបច្ចុប្បន្ន។

តើផ្សារហ៊ុនសៀងហៃមានទំនាក់ទំនងដូចម្តេចជាមួយសេដ្ឋកិច្ចចិន?

ផ្សារហ៊ុនសៀងហៃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន ដោយបង្ហាញពីភាពចម្រុះ និងការច្នៃប្រឌិតនៃសេដ្ឋកិច្ចចិន។ ផ្សារហ៊ុនសៀងហៃក៏បានដើរតួយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការបើកចំហទីផ្សារមូលធនរបស់ខ្លួនទៅកាន់ពិភពលោកផងដែរ។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ រដ្ឋាភិបាលចិនបានធ្វើការសម្រេចចិត្តដ៏សំខាន់មួយក្នុងការបើកចំហទីផ្សារភាគហ៊ុនទៅកាន់បណ្តាអ្នកវិនិយោគក្រៅប្រទេស ក្នុងគោលបំណងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅកាន់តំបន់ចិនដីគោក។

វិធានការនេះបានអនុញ្ញាតឱ្យវិនិយោគិនបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនចំនួន៣០ភាគរយនៅក្នុងក្រុមហ៊ុនណាមួយ ដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនសៀងហៃ ដោយលុបបំបាត់តម្រូវការសម្រាប់ការវិនិយោគដោយប្រយោលតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេស៕ប្រភព: Wikipedia & Sinorbis. Com៕

LEAVE A REPLY

Please enter your comment!
Please enter your name here