ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផ្សារមូលបត្រ NASDAQ ជាទីផ្សារភាគហ៊ុនធំជាងគេបំផុតទី២នៅលើពិភពលោក បន្ទាប់ពីផ្សារហ៊ុនញូវយ៉ក(New York Stock Exchange)។ ប៉ុន្តែ វាមានលក្ខណៈពិសេសត្រង់ថា ផ្សារហ៊ុនកំពូលទាំង២នេះមានមូលដ្ឋាននៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកដូចគ្នា។
ក្រុមហ៊ុនផ្សារមូលបត្រ NASDAQ ផ្តោតលើការជួញដូរភាគហ៊ុនបច្ចេកវិទ្យា។ ផ្សារហ៊ុននេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក និងបរទេស ដោយប្រទេសចិន និងអុីស្រាអែលជាប្រភពបរទេសធំបំផុត។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ផ្សារហ៊ុន NASDAQ បានចុះបញ្ជីក្រុមហ៊ុនចំនួន៧.០៤១ក្រុមហ៊ុន ដែលមានតម្លៃមូលធនបត្រទីផ្សារសរុបចំនួន២៦,៦២ទ្រីលានដុល្លារអាមេរិកគិតត្រឹមខែកក្កដា ឆ្នាំនេះ។
ក្រុមហ៊ុនផ្សារមូលបត្រ NASDAQ មានសន្ទស្សន៍ភាគហ៊ុនចំនួន៣ ដូចជាសន្ទស្សន៍ Nasdaq-100 សន្ទស្សន៍ Nasdaq Financial-100 និងសន្ទស្សន៍ Nasdaq Composite។
តើផ្សារហ៊ុន NASDAQ ត្រូវបានបង្កើតឡើងចាប់តាំងពីពេលណាមក?
សមាគមជាតិនៃអ្នកចែកចាយមូលបត្របានបង្កើតផ្សារហ៊ុន NASDAQ ក្នុងឆ្នាំ១៩៧១ នៅទីក្រុងញូវយ៉ក។ មូលហេតុចម្បងនៅពីក្រោយការបង្កើតផ្សារហ៊ុននេះ ដើម្បីប្រែក្លាយ NASDAQ ទៅជាទីផ្សារភាគហ៊ុន ដែលដំណើរការដោយប្រព័ន្ធអេឡិចត្រូនិចដំបូងគេបង្អស់របស់ពិភពលោក។
យ៉ាងណាមិញ ដំបូងឡើយ NASDAQ មិនអនុញ្ញាតឱ្យការជួញដូរភាគហ៊ុនត្រូវបានប្រតិបត្តិតាមអេឡិចត្រូនិកនោះទេ ដោយ NASDAQ បានបោះផ្សាយនូវតារាងសម្រង់ភាគហ៊ុនដោយស្វ័យប្រវត្តិជំនួសវិញ។ លក្ខណៈនេះបានកាត់បន្ថយការដេញថ្លៃ ដែលធ្វើឱ្យផ្សារហ៊ុន NASDAQ មិនសូវមានប្រជាប្រិយភាពក្នុងចំណោមឈ្មួញកណ្តាលនាពេលនោះ។
មិនយូរប៉ុន្មាន NASDAQ បានក្លាយជាផ្សារហ៊ុនសម្រាប់ការជួញដូរដោយផ្ទាល់ ដោយគ្មានភាគីទីបីផ្សេងទៀត។ នៅឆ្នាំ១៩៩៨ NASDAQ បានក្លាយជាការផ្សារហ៊ុនដំបូងគេ ដែលអនុញ្ញាតឱ្យមានការជួញដូរតាមអនឡាញ។
ជាមួយគ្នានេះ ក្រុមហ៊ុន NASDAQ Inc. បានបន្តពង្រីកខ្សែច្រវាក់អាជីវកម្មរបស់ខ្លួនលើសពីផ្សារហ៊ុន ដោយផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីកែលម្អសេវាកម្ម និងផលិតផលហិរញ្ញវត្ថុសម្រាប់អ្នកប្រើប្រាស់។
ភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើនដូចជា Apple Amazon Alphabet Facebook និង Microsoft សុទ្ធតែបានចុះបញ្ជីនៅលើផ្សារហ៊ុន NASDAQ ។
ក្រុមហ៊ុនផ្សារមូលបត្រ NASDAQ រកប្រាក់ចំណូលតាមរយៈថ្លៃសេវា ដែលគិតលើខ្សែច្រវាក់អាជីវកម្មរបស់ខ្លួន ដូចជា សេវាសាជីវកម្ម សេវាព័ត៌មាន សេវាទីផ្សារ និងសេវាបច្ចេកវិទ្យា។
តើផ្សារហ៊ុន NASDAQ មានឥទ្ធិពលដូចម្តេចទៅលើសេដ្ឋកិច្ចពិភពលោក?
ឧស្សាហកម្មបច្ចេកវិទ្យានឹងបន្តកំណត់ជោគវាសនានៃសេដ្ឋកិច្ចពិភពលោកទាំងមូល។ភាគហ៊ុនបច្ចេកវិទ្យាធំៗឈានមុខគេនៅលើពិភពលោក ដែលបានចុះបញ្ជីលើផ្សារហ៊ុន NASDAQ អាចជះឥទ្ធិពលដោយផ្ទាល់លើតម្លៃភាគហ៊ុនបច្ចេកវិទ្យាសកល។
ស្របពេលដែលបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា ក្រុមហ៊ុន Tesla ក្រុមហ៊ុន META ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Apple បន្តជំរុញកំណើនផលទុនជាតិសរុប (GDP) សកល ដូច្នេះ តម្លៃ និងតួនាទីរបស់ផ្សារហ៊ុន NASDAQ នៅក្នុងសេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងជាលំដាប់។
ជាមួយគ្នានេះ បណ្តាវិនិយោគិនភាគច្រើនចាត់ទុកដំណើរការរបស់សន្ទស្សន៍ភាគហ៊ុន Nasdaq-100 Index (NDX) ជាសូចនាការឆ្លុះបញ្ចាំងឆ្ពោះទៅមុខនៃសកម្មភាពសេដ្ឋកិច្ច។
ក្រុមអ្នកវិភាគនៅស្ថាប័ន JP Morgan Wealth Management បានចង្អុលបង្ហាញថា “ទីផ្សារភាគហ៊ុន NASDAQ តែងតែដាំក្បាលចុះដល់បាត មុនពេលដែលវិបត្តិសេដ្ឋកិច្ចបិទបញ្ចប់”៕ប្រភព: Simplefx.com & Wikipedia៕











