ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមវិនិយោគិនកំពុងរង់ចាំមើលព្រឹត្តិការណ៍សំខាន់ៗនៅក្នុងសប្តាហ៍នេះ រួមមាន ការបោះឆ្នោតប្រធានាធិបតីអាមេរិក កិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ធនាគារ Fed និងកិច្ចប្រជុំសភាចិន។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៧៥ភាគរយ គិតត្រឹមម៉ោង១០:៤៧នាទីព្រឹក។
ទោះជាយ៉ាងណា សន្ទស្សន៍ផ្សារហ៊ុន Nikkei និងផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានបិទការជួញដូរព្រមគ្នា ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,១៥ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៧២ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៥៣ភាគរយ។
រីឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៥៩ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៥០ភាគរយ៕








