ដោយ៖ លក្ខិណា
ភ្នំពេញ៖ ព័ត៌មានពីវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ កាន់តែមានពន្លឺ ក្នុងការដាក់ឱ្យប្រើប្រាស់សម្រាប់ការពារមនុស្សជាតិលើពិភពលោក ហើយក៏ជាដំណឹងមួយល្អប្រសើរសម្រាប់សេដ្ឋកិច្ចលើពិភពលោក។ ក្នុងនោះវិស័យអចលនទ្រព្យកម្ពុជា ដែលជាវិស័យសំខាន់ទ្រទ្រង់កំណើនសេដ្ឋកិច្ចក៏អាចនឹងមានពន្លឺងើបឡើងវិញដូចគ្នា ប៉ុន្តែវាត្រូវការពេលវេលាយ៉ាងហោច១ឆ្នាំ ក្នុងការ ស្ដារវិស័យនេះឱ្យបានដូចមុនពេលកូវីដ១៩ផ្ទុះឡើង។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា វាជាព័ត៌មានល្អហើយក៏ជាព័ត៌មាន ដែលពិភពលោកទន្ទឹងរង់ចាំសម្រាប់ការផលិតវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩។
លោកបានឱ្យដឹងថា នៅពេលវ៉ាក់នេះអាចប្រើប្រាស់និងមានប្រសិទ្ធភាព ក្នុងការប្រឆាំងនឹងជំងឺនេះបាននោះ សកម្មភាពវិនិយោគ ទេសចរណ៍ និងការដើរកម្សាន្តរបស់មនុស្សលើពិភពលោកនឹងត្រលប់ទៅដូចដើមវិញ ពោលគឺដូចមុនកូវីដ១៩អញ្ចឹងដែរ។
លោកបន្តថា សម្រាប់វិស័យអចលនទ្រព្យវិញ យ៉ាងហោចណាស់ក៏ត្រូវការពេលវេលាប្រមាណ១ឆ្នាំដែរ ព្រោះថាអ្នកវិនិយោគធំៗគេ អាចនឹងរង់ចាំមើលពីប្រសិទ្ធភាពនៃវ៉ាក់សាំងនោះ តើអាចមានប្រសិទ្ធប៉ុនណាហើយអាចការពារជំងឺនេះបានដែរទេ តែជំហ៊ានដំបូងវិនិយោគិនតូចៗនឹងចាប់ផ្ដើមធ្វើសកម្មភាពនាំមុខសម្រាប់ការវិនិយោគនានា ហើយបើសិនជាវ៉ាក់សាំងនោះ មានប្រសិទ្ធភាពសម្រាប់ការប្រឆាំង។
លោកបានថ្លែងថា “នៅពេលវ៉ាក់សាំងកូវីដ១៩ វានឹងក្លាយជាជំងឺផ្ដាសាយធម្មតាប៉ុណ្ណោះ ហើយមនុស្សនឹងដើរហើរតាមចិត្តដូចមុនវិញ ដោយមិនព្រួយបារម្ភ។ នៅពេលសកម្មភាពមនុស្សកាន់តែច្រើនឡើងវិញ នោះសកម្មភាពអ្វីៗទាំងអស់នឹងត្រលប់ទៅដូចដើមដែរ”។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ការវិនិយោគនិងការជួបជុំរវាងវិនិយោគិននានាគឺភាគច្រើនធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមិនបញ្ឈប់សកម្មភាពណាមួយនោះទេ គ្រាន់តែសកម្មភាពខ្លះត្រូវបានផ្អាកនិងបន្ថយ។
រាជរដ្ឋាភិបាលកម្ពុជា បានអនុគ្រោះយោគយល់មួយចំនួនដល់វិស័យអចលនទ្រព្យកម្ពុជា ក្នុងនោះដែររដ្ឋាភិបាលបានប្រកាសមិនយកពន្ធប្រថាប់ត្រារាល់ការទិញផ្ទះក្រោមតម្លៃ៧ម៉ឺនដុល្លារ ហើយថ្មីៗនេះដែរក៏បានពន្យារពេលអនុវត្តន៍លើការយកពន្ធលើចំណេញមូលធន ២០ភាគរយផងដែរ។
របាយការណ៍ចេញផ្សាយដោយធនាគារពិភពលោកបានបង្ហាញពីការធ្លាក់ចុះនៃវិស័យសំណង់ និងអចលនទ្រព្យ និងបានទាញឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះជាប្រវត្តិសាស្ត្រ២០ឆ្នាំចុងក្រោយផងដែរ៕







