ដោយៈ សាវុធ
ភ្នំពេញៈ ការជួញដូរភាគហ៊ុន អាចជួបនូវហានិភ័យមួយចំនួន ដែលធ្វើឱ្យថ្លៃនៃភាគហ៊ុនធ្លាក់ចុះ ឬមានការប្រែប្រួលខ្លាំង។
យើងអាចចាត់ថ្នាក់ហានិភ័យទាំងនោះ ជាបីប្រភេទចម្បងៗដូចជា៖
ទី១ ហានិភ័យជាប្រព័ន្ធ ឬហានិភ័យទីផ្សារ គឺជាភាពមិនច្បាស់លាស់ដែលកើតមានឡើងចំពោះទីផ្សារទាំងមូល និងមិនអាចចៀសវាងបានតាមការធ្វើពិពិធកម្ម ដូចជា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច ហានិភ័យអតិផរណា ហានិភ័យអស្ថេរភាពនយោបាយ ហានិភ័យនៃការកើនឡើងអត្រាការប្រាក់ជាដើម។
ទី២ ហានិភ័យមិនមែនជាប្រព័ន្ធ គឺជាភាពមិនច្បាស់លាស់ ដែលកើតមានចំពោះក្រុមហ៊ុនឬវិស័យណាមួយ ដែលអាចកាត់បន្ថយបានដោយការធ្វើពិពិធកម្ម។ ហានិភ័យទាំងនោះរួមមាន អសាធនីយភាពនៃក្រុមហ៊ុន ការកេងបន្លំផ្ទៃក្នុងនៃបញ្ជីគណនេយ្យ សកម្មភាពជួញដូរផ្ទៃក្នុង ជាដើម។
ទី៣ ហានិភ័យសន្ទនីយភាព សំដៅដល់ហានិភ័យ ដែលអ្នកទិញនិងអ្នកលក់មិនអាចរកគ្នាឃើញ ដើម្បីជួញដូរនៅពេលត្រូវការ និងនៅថ្លៃសមស្របមួយ ដោយសារកង្វះសន្ទនីយភាពក្នុងទីផ្សារ៕