អូស្ត្រាលី គាំទ្រកម្ពុជាក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រថាមពលកកើតឡើងវិញ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ រដ្ឋាភិបាលអូស្រ្តាលី បានបង្ហាញការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រថាមពលកកើតឡើងវិញជាមួយដៃគូ មកពីក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឱកាសអបអរថាមពលស្អាត កាលពីម្សិលមិញនេះ លោកប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការងារនេះជាភស្តុតាងជាក់ស្ដែង ដើម្បីជូនដំណឹងដល់គោលនយោបាយសាធារណៈទាក់ទងនឹងថាមពល។

លោក បានថ្លែងបន្តថា លទ្ធផលដំបូងនៅក្នុងយុទ្ធសាស្ត្រ ថាមពលកកើតឡើងវិញនេះ បង្ហាញថា ប្រទេសកម្ពុជា មានថាមពលសូឡា និងខ្យល់យ៉ាងច្រើន ហើយការបញ្ចូលថាមពលស្អាតនេះ ទៅក្នុងបណ្ដាញអគ្គិសនី អាចកាត់បន្ថយថ្លៃអគ្គិសនី សរុបក្នុងបណ្ដាញអគ្គិសនីបានផងដែរ ។

លោកស្រី Bridget Mclntosh នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការ EnergyLab មានប្រសាសន៍ថា ការវិភាគបានបង្ហាញថា ថាមពលកកើតឡើងវិញ នឹងគ្រប់ដណ្ដប់ថាមពលធ្យូងថ្ម ដោយវានឹងក្លាយជាប្រភពថាមពលអគ្គិសនីធំបំផុត នៅទូទាំងពិភពលោកនៅឆ្នាំ ២០២៥។

លោកស្រី បានឱ្យដឹងថា នេះបណ្ដាលមកពីមូលហេតុនៃការធ្លាក់ចុះយ៉ាងខ្លាំង របស់តម្លៃថាមពលសូឡា និងថាមពលខ្យល់ នាពេលបច្ចុប្បន្ននេះ ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់នៅតាមឆ្នេរសមុទ្រគឺជាមធ្យោបាយដែលផ្ដល់តម្លៃថោកបំផុត នៅពេលបន្ថែមរោងចក្រផលិតអគ្គិសនីថ្មីសម្រាប់ប្រទេសនានា។ នេះ ជាប្រវត្តិសាស្ត្រដែលគម្រោងថាមពលសូឡា ផ្ដល់ជូនអគ្គិសនីដែលមានតម្លៃទាបបំផុត។

ថាមពលសូឡាដំបូងបង្អស់របស់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៧ មានតម្លៃ ៩,២ សេនក្នុងមួយគីឡូវ៉ាត់ម៉ោង ។មួយឆ្នាំក្រោយមក បានចុះមកដល់ ៧,៦ សេនក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយកាលពីឆ្នាំមុនការប្រកួតប្រជែងដេញថ្លៃ នៃកសិដ្ឋានថាមពលសូឡាទទូលបាន តម្លៃ ៣,៨៧៧ សេនក្នុងមួយគីឡូវ៉ាត់ម៉ោង។ នេះបានប្រភពពីធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០២០នេះ។

បើប្រៀបធៀបទៅនឹងកិច្ចព្រមព្រៀងនាំចូលធ្យូងថ្មពីឆ្នាំមុនពីប្រទេសឡាវក្នុងអត្រា ៧,៧ សេនក្នុងមួយគីឡូវ៉ាត់ម៉ោង ឬគម្រោងវារីអគ្គិសនីនៅខេត្តកោះកុងកាលពីសប្តាហ៍មុននៅដែលមានតម្លៃ ៧,៩ សេនក្នុងមួយគីឡូវ៉ាត់ម៉ោង គម្រោងថាមពលសូឡាមានតម្លៃថោកជាង។ គម្រោងខ្យល់ដំបូងរបស់ប្រទេសកម្ពុជានៅខេត្តកំពតទទួលបានការអនុញ្ញាតដោយរដ្ឋាភិបាល ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខា នៅតម្លៃ ៦,៨៥ សេនមួយគីឡូវ៉ាត់ម៉ោង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here