ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាការបើកទំព័រស័ករាជថ្មីនៃប្រវត្តិជោគជ័យរបស់ធនាគារ ក្នុងនាមជាធនាគារពាណិជ្ជទី១នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។
ទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺរាតត្បាតជាសកលក៏ដោយ ក៏វិនិយោគិនចំនួន ២.៤៩៧ នាក់ បានធ្វើបរិវិសកម្ម (ទិញ) មូលបត្រកម្មសិទ្ធិរបស់ធនាគារ ហើយចំនួននេះ គឺជាចំនួនវិនិយោគិនដែលចូលរួមច្រើនបំផុត សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងមក ហើយក៏បង្ហាញពីភាពជឿទុកចិត្ត និងគាំទ្ររបស់អតិថិជន និងសាធារណជន ចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ ។
វិនិយោគិនអាចដាក់បញ្ជាទិញ-លក់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពីម៉ោង ០៨:០០ ព្រឹក នៅថ្ងៃចុះបញ្ជីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះបញ្ជីជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ ។
លោក បានថ្លែងថា “តាមរយៈការចូលរួមក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិនរូបវន្តបុគ្គល និងនីតិបុគ្គល មានឱកាសវិនិយោគជាលើកដំបូងនៅក្នុងធនាគារពាណិជ្ជដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ភាគហ៊ុនិកសាធារណៈថ្មីរបស់ធនាគារ នឹងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនរបស់ធនាគារ តាមរយៈភាគលាភនិងចំណេញមូលធន” ។
លោក បានបន្តថា “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទាក់ទាញវិនិយោគិនរូបវន្តបុគ្គលសញ្ជាតិខ្មែរជាច្រើនចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងបន្តរួមចំណែកអភិវឌ្ឍផ្សារមូលធនកម្ពុជា” ។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា ជាមួយនឹងការចុះបញ្ជីភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មូលធនូបនីយកម្មទីផ្សារសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងកើនឡើង ៣ដង ។
លោក Han Kyung Tae បានថ្លែងថា “យើងខ្ញុំជឿជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបោះជំហានដំបូងដ៏សំខាន់ ដើម្បីក្លាយជាប្រជាធនាគារដ៏ពិតប្រាកដ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនេះ” ។
ក្នុងនាមជាក្រុមហ៊ុនដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា នឹងបន្តជួយដល់ក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិនសាធារណៈទាំងអស់ តាមរយៈការបង្កើនសន្ទនីយភាពភាគហ៊ុនធនាគារនៅក្នុងទីផ្សារបន្ទាប់ ។
លោក Han Kyung Tae បានថ្លែងទៀតថា “យើងខ្ញុំជឿជាក់ថា ការជួយដល់ក្រុមហ៊ុនបោះផ្សាយក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាបន្តបន្ទាប់ និងការប្រើប្រាស់វិធីសាស្ត្រជួញដូរតាមការចរចានាពេលអនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញវិនិយោគិនបរទេសបានកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារមូលធននៅកម្ពុជាផងដែរ” ៕