ដោយៈ សុខុម
ហាណូយ: ដែកសំណង់ជាង៧៣៥.០០០តោន ត្រូវបានលក់ចេញក្មុងខែមេសា ដែលជាតួលេខលក់ប្រចាំខែទាបបំផុតទី២ ចាប់តាំងពីឆ្នាំ២០២២ មក។
ផ្អែកតាមទិន្នន័យរបស់សមាគមដែកវៀតណាម (Vietnam Steel Association) បង្ហាញថា ការលក់ដែកបានធ្លាក់ចុះ១៥% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន Vietnam Express ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២២ ខែឧសភា។
ដែកសំណង់ ដែលផលិតបានមានចំនួនជាង៧១០.០០០តោន ដែលជាទិន្នផលផលិតកម្ម ប្រចាំខែតិចបំផុត ចាប់តាំងពីឆ្នាំ២០២២ ដោយធ្លាក់ចុះ៣៧%។
យោងតាមក្រុមហ៊ុនផលិតដែក Hoa Phat Group ដែលកាន់កាប់១ភាគ៣ នៃចំណែកទីផ្សារ សម្រាប់ដែកសំណង់ឱ្យដឹងថា តម្រូវការនៅតែធ្លាក់ចុះទូទាំងពិភពលោក ដោយដែកសំណង់ដែលលក់បានមានចំនួន ត្រឹមតែ២១៤.០០០តោនប៉ុណ្ណោះ ក្នុងខែមេសា ដោយធ្លាក់ចុះ២៨%។
ដើម្បីជំរុញការលក់ ក្រុមហ៊ុន Hoa Phat Group កាលពីថ្ងៃទី១៩ ខែឧសភា បានបញ្ចុះថ្លៃដែកថ្នាំងអំពៅ៨,៥០ដុល្លារអាមេរិក មកនៅត្រឹម៦៤៤ដុល្លារ ក្នុង១តោន។ ក្រុមហ៊ុនផលិតដែកផ្សេងៗទៀតបានបញ្ចុះថ្លៃពី៦,៤០ដុល្លារ ទៅ១០,៦៦ដុល្លារ ក្នុង១តោន។
ចាប់តាំងពីដើមខែមេសា តម្លៃដែកបានធ្លាក់ថ្លៃចំនួន៦លើក។ បច្ចុប្បន្នតម្លៃដែកជាមធ្យម នៃផលិតផលដែកទូទៅភាគច្រើន គឺប្រមាណ៦៤០ដុល្លារក្នុង១តោន ដែលស្រដៀងនឹងតម្លៃក្នុងខែតុលា ឆ្មាំ២០២២ ជាពេលដែលតម្រូវការដែកធ្លាក់ចុះខ្លាំង៕ Vietnam Express៕