ដោយៈសាវុធ
ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា ការវិនិយោគអចលនទ្រព្យ នៅតាមតំបន់ជាយក្រុងនៃរាជធានីភ្នំពេញ មានគុណសម្បត្តិច្រើនជាងគុណវិបត្តិ ដោយចំណាយពេលតិច ហើយបានផលចំណេញច្រើន។
អ្នកជំនួញក្នុងអាជីវកម្មដីធ្លី លោក ង៉ែត ជូ បានពន្យល់ឲ្យដឹងថា គុណសម្បត្តិធំៗ ដែលទទួលបានពីការវិនិយោគដីនៅតំបន់ជាយក្រុង រួមមាន ដូចជា ទី១ ដឹងតែចំណេញៈ មិនខាត ប្រសិនបើអ្នកមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ពោលគឺវិនិយោគរយៈពេលវែង អាចរក្សាទុកនៅពេលទទួលបានតម្លៃល្អ និងមិនបង្ខំលក់នៅពេលធ្លាក់ថ្លៃ។
ជាទូទៅតម្លៃមានការកើនជានិច្ច ប្រសិនបើស្ថានភាពសេដ្ឋកិច្ច ទីផ្សារឬនយោបាយមិនល្អ គឺធ្លាក់ថ្លៃតែមួយរយៈប៉ុណ្ណោះ។
ទី២ ចំណាយពេលតិចៈ មិនចំណាយពេលច្រើន ដូចជាការធ្វើអាជីវកម្មដទៃនោះទេ អ្នកអាចធ្វើការយកប្រាក់ខែសន្សំជាទុនបណ្តើរ។ ទី៣ អាចប្រើប្រាស់ដីឬបង្កើតជាចំណូលអកម្មបាន ប្រសិនបើសន្សំដីធ្លីបានច្រើន អ្នកអាចរក្សាទុកជាធនាគារដីធ្លី និងប្រើប្រាស់ក្នុងគោលបំណងនានា ដូចជា បង្កើតជាកសិដ្ឋាន សង់ឃ្លាំង ស្តង់លក់ទំនិញ អគារពាណិជ្ជកម្ម ឬការរិយាល័យសំរាប់ជួល។ល។
ចំណែកប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជានាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Sam SN Realty Co,.Ltd លោក សំ សុខនឿនបានប្រាប់កាលពីម្សិលមិញថា ការវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសលើផ្នែកដីធ្លីនៅតាមតំបន់ជាយក្រុង ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលមានឱកាសទទួលបានផលចំណេញច្រើន។
លោកបន្តទៀតថា “ទោះជាពេលនេះសកម្មភាព នៃការវិនិយោគកំពុងតែមានភាពជ្រួលនៅតាមតំបន់ជ្រាយក្រុង ប៉ុន្តែបើចំពោះតម្លៃគឺនៅមានកម្រិតនៅឡើយ ហើយក៏នៅមានឱកាសទទួល បានផលចំណេញពីការវិនិយោគក្នុងកម្រិតខ្ពស់។ លោកបន្ថែមថា “តំបន់ជាយក្រុង នៅតែបន្តមានសក្ដានុពល មិនថានៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត គឺស្ថិតនៅព័ទ្ធជុំវិញរាជធានីភ្នំពេញ ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦A” ។
លោកសំ សុខនឿន បានពន្យល់ថា មានអ្នកខ្លះ គាត់មានធនធានតិចតួច ប៉ុន្តែគាត់បានសម្រេចចិត្តឥតស្ទាក់ស្ទើរ ក្នុងការទិញដីនៅជាយក្រុងទុក ជាពិសេសនៅក្បែរគម្រោងអភិវឌ្ឍន៍ដែលមានសកម្មភាព ដូច្នេះភាគរយចំណេញរបស់ពួកគាត់គឺមានច្រើន ហើយរហ័សទៀត។
លោកបន្តថា ប្រសិនបើពួកគាត់សម្រេចលក់ ក្នុងតម្លៃចរចាណាមួយ ដែលអាចទទួលបានចំណេញ ហើយយកទៅវិនិយោគនៅតំបន់ណាមួយផ្សេងទៀត ដែលមានគម្រោងអភិវឌ្ឍន៍ច្បាស់លាស់ នោះកំណើននៃភាគលាភរបស់គាត់ នឹងកើនឡើងច្រើនជាងអ្នកដែលមានលុយច្រើនដែលទិញដីទំហំ ប៉ុន្តែនៅតំបន់ឆ្ងាយពីទីប្រជុំជន និងមិនមានគម្រោងអភិវឌ្ឍន៍៕