ដោយៈ សុផារី
ភ្នំពេញៈ ក្រសួងទេសចរណ៍ បានឱ្យដឹងថា តាមរយៈការដាក់ដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានទាក់ទាញចរន្តភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត នៅខេត្តព្រះសីហនុច្រើនជាងគេ ដែលមានចំនួនដល់ទៅជិត១សែន៣ម៉ឺននាក់។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី១២
ខែតុលានេះ បានឱ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២២ មានចំនួនសរុប៣៧៤.៨៩៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៥២.៨៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន២២.០១១នាក់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី១២ ខែតុលានេះថា “តួលេខខាងលើមានការកើនឡើង២៤,៨% ប្រសិនបើធៀបនឹងសប្តាហ៍ធម្មតាមុនពិធីបុណ្យភ្ជុំបិណ្ឌ”។ លោកបន្តថា “ការដាក់ឱ្យដំណើរការសាកល្បង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺបានទាក់ទាញចរន្តភ្ញៀវទេសចរណ៍ ឱ្យទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ច្រើនជាងគេ ដែលមានចំនួនដល់ទៅ១២៨.៣០៧នាក់”។
ការដាក់ឱ្យដំណើរការសាកល្បង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ ពិសេសការរៀបចំឆ្នេរខ្សាច់កម្សាន្ត និងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ។
រាជធានី-ខេត្តចំនួន៦ ជាគោលដៅដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ នាសប្ដាហ៍ដើមខែតុលាឆ្នាំ២០២២នេះ រួមមាន ខេត្តបាត់ដំបង៨៨.៨៦៨នាក់ ខេត្តកំពង់ចាម៤៧.៤៥៨នាក់ ខេត្តសៀមរាប២៣.៦៦៥នាក់ រាជធានីភ្នំពេញ១៧.០៤៥នាក់ និងខេត្តកំពត១៤.៤១៦នាក់។
លោកថោង ខុនបានបន្តថា អនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល បណ្តាខេត្តមួយចំនួន ដែលនៅជាប់បណ្តោយដងទន្លេរ បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្នុងខេត្ត ហើយខេត្តខ្លះទៀតបានកំពុងត្រៀមរៀបចំព្រឹត្តិការណ៍នេះ ទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន។
ជាក់ស្តែង កាលពីថ្ងៃទី៩-១០ ខែតុលានេះ ខេត្តបាត់ដំបងបានប្រារព្ធពិធីបុណ្យអុំទូកចេញព្រះវស្សា នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង អមជាមួយព្រឹត្តិការណ៍កម្សាន្តសប្បាយមួយចំនួនទៀត ដែលបាទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្ត និងបណ្តាខេត្តជិតខាង ឱ្យទៅកម្សាន្តជាច្រើនផងដែរ៕