ដោយ: លាងហួរ
ប្រទេសថៃ: ក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតមធ្យម Thanasiri Group Plc គ្រោងពង្រីកគម្រោងលំនៅដ្ឋានថ្មីដែលមានតម្លៃ២ពាន់លានបាត (ប្រហែលជាង៥២,៥៣លានដុល្លារ) ក្នុងឆ្នាំ២០២៣ ដែលជាតម្លៃទ្វេដងនៃតម្លៃធម្មតា បន្ទាប់ពីដៃគូជប៉ុនបានសហការវិនិយោគកាលពី២ឆ្នាំមុន។
លោក Sutthirak Sateanrapap-a-yut នាយកប្រតិបត្តិបាននិយាយថា ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមគម្រោងចំនួន៤ នៅឆ្នាំក្រោយ ដែលកើនឡើងពីគម្រោងធម្មតា២ ទៅ ៣ ដែលមានតម្លៃសរុប១ពាន់លានបាតក្នុងមួយឆ្នាំ។

លោកបានបន្តថា “គម្រោងថ្មីមួយនឹងស្ថិតនៅតំបន់ Bang Na-Bang Bo ដែលជាទីតាំងថ្មី សម្រាប់ យើង ហើយវានឹងក្លាយជាគម្រោងបណ្តាក់ទុនរួមគ្នាទីបី ជាមួយក្រុមហ៊ុនអចលនទ្រព្យជប៉ុន Anabuki Kosan Inc”។
គម្រោងនេះនឹងស្ថិតនៅលើផ្ទៃដីទំហំ៣០រ៉ៃ (ប្រហែល៤៨០០០ម៉ែត្រការ៉េ) លើផ្លូវ Bang Na-Trat KM២៦ ដែលមានផ្ទះល្វែងចំនួន២០០យូនីត និងផ្ទះសម្រាប់រស់នៅ២គ្រួសារ ដែលមានតម្លៃប្រហែល២លានបាតក្នុងមួយយូនីត ដោយផ្តោតលើអ្នក ដែលធ្វើការសម្រាប់វិស័យឧស្សាហកម្ម។

Thanasiri និង Anabuki បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាក្នុងឆ្នាំ២០២០ ហើយបានបើកដំណើរការគម្រោងលំនៅដ្ឋានចំនួនពីរ ដែលមានតម្លៃសរុប១,៥ពាន់លានបាត ក្នុងឆ្នាំ២០២១-២០២២។ កាលពីឆ្នាំមុន ៣០ទៅ៤០ភាគរយ នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Thanasiri គឺបានមកពីគម្រោងបណ្តាក់ទុនរួមគ្នា៕







