ដោយ៖ លក្ខិណា
ភ្នំពេញ៖ ជើងហោះហើររវាងកម្ពុជានិងឥណ្ឌា រហូតមកដល់បច្ចុប្បន្ននេះ នៅមិនទាន់បានសម្រេចនៅឡើយ ហើយភាគីទាំងពីរនៅតែមានបំណង និងគម្រោងបង្កើតជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។
នៅក្នុងជំនួបពិភាក្សាគ្នា រវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។
ភាគីទាំងពីរក៏បានជជែកពីគម្រោងបើកជើងហោះហើរទៅវិញទៅមកដើម្បីឱ្យទេសចរ កម្ពុជា បានទៅលេងប្រទេសឥណ្ឌា និងភ្ញៀវឥណ្ឌាមកលេងក្នុងប្រទេសកម្ពុជាផងដែរ។ ក្រៅពីនេះ ការបើកជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌាក៏នឹងជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានទំហំច្រើនជាងមុនផងដែរ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងជំនួបរវាងភាគីទាំងពី បានពិភាក្សាពីកិច្ចសហប្រតិបត្តិការបន្ថែមជាពិសេសនោះ ភាគីទាំងពីរចង់អោយមានជើងហោះហើរត្រង់ទៅវិញទៅមក ខណៈបច្ចុប្បន្ននេះ ការធ្វើដំណើររវាងប្រទេសទាំងពីរត្រូវឆ្លងកាត់ប្រទេសទី៣ និងប្រើពេលយូរផងដែរ។
លោក បានថ្លែងថា នៅពេលប្រទេសទាំងពីរមានជើងហោះហើរត្រង់ នោះការធ្វើដំណើរនឹងកាន់តែជិត ហើយចំណាយពេលខ្លីជាងមុន ចំណេញជាងមុន និងអាចនាំធុរជននៃប្រទេសពីរទៅវិនិយោគទៅវិញទៅមក ។
ប្រតិបត្តិករទេសចរ លោក ហូ វណ្ឌី កន្លងមកធ្លាប់បានលើកឡើងថា ការបើកជើងហោះហើរត្រង់ថ្មីៗនឹងនាំផលចំណេញដល់កម្ពុជា តាមរយៈការនាំយកភ្ញៀវទេសចរនិងវិនិយោគិនមកកម្ពុជា ស្វែងរកការវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតការងារដល់ពលរដ្ឋនិងលំហូរវិនិយោគបរទេសមកកម្ពុជាផងដែរ។
លោក បានថ្លែងថា “សម្រាប់ការបើកជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា ក៏អាចទាញភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាបានច្រើនផងដែរព្រោះតំបន់ទេសចរណ៍កម្ពុជាជាច្រើនមានការទាក់ទាញនឹងជំនឿរបស់សាសនាក្នុងប្រទេសឥណ្ឌា ។ សម្រាប់ភ្ញៀវទេសចរកម្ពុជាទៅប្រទេសឥណ្ឌាក៏ច្រើនដែរក្នុងមួយឆ្នាំៗ ដូចជាទៅព្យាបាលជំងឺ និងពាក់ព័ន្ធនឹងសាសនាដូចគ្នាដែរ”។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានភ្ជាប់ជើងហោះហើរថ្មីជាមួយបណ្ដាប្រទេសនានាលើពិភពលោកដើម្បីនាំទេសចរនិងវិនិយោគិនមកកម្ពុជា និងនាំវិនិយោគិននិងទេសចរទៅកាន់អន្តរជាតិវិញ ៕