ដោយ: ម៉ាលីស
កែប: ផ្លូវប្រវែង៣៥០០ម៉ែត្រ ដែលជាផ្លូវមួយយ៉ាងសំខាន់ ដែលមានភាពប្រទាក់ក្រឡាគ្នា ជាពិសេសតភ្ជាប់សៀគ្វីទេសចរ ពីតំបន់នានាមកកាន់តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងជាតំបន់កសិឧស្សាហកម្មដ៏ មានសក្តានុពល បានធ្វើពិធីបើកការដ្ឋានអផយសាងសង់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ផ្លូវលេខ 1KEP7 (អតីតផ្លូវលេខ 1333A) មានប្រវែងសរុប ៣៧៥០ម៉ែត្រ ដោយបំបែកចេញពីផ្លូវលេខ 1333A ត្រង់ PK4+136 រហូតដល់ផ្លូវលេខ១៣៣៥ ត្រង់គីឡូម៉ែត្រ1+950 ស្ថិតភូមិអន្ទង់សឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ការសាង់សង់ផ្លូវនេះ ក៏បានជួយពង្រីកដល់មុខព្រួញ វិស័យដទៃទៀតក្នុងការរួមចំណែក អភិវឌ្ឍន៍ខេត្ត និងបង្កើតមុខរបរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានជីវភាពកាន់តែធូរធារ ឆ្លងផុតពីបន្ទាត់ភាពក្រីក្រ។ តាមគម្រោងការងារនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ១២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២២។
លោកសោម ពិសិដ្ឋអភិបាលនៃគណអភិបាលខេត្តកែប ដែលចូលរួមជាអធិបតីក្នុងពិធីនោះបានផ្តល់អនុសាសន៍ មួយចំនួនសម្រាប់យក ទៅអនុវត្ត៖ ១-សូមឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយសាលាស្រុក ដំណាក់ចង្អើរ រៀបចំកែលម្អសោភណភាព សុវត្ថិភាពត្រង់ផ្លូវបំបែកចូលផ្លូវខេត្ត លេខ១៣៣៥។ ២-សូមឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្តជួសជុល កំណាត់ផ្លូវលេខ ១៣៣៣ឱ្យបានរួចរាល់ជាស្ថាពរ។
៣- សូមឱ្យសាលាស្រុកដំណាក់ចង្អើរ បន្តរៀបចំរូប សំណាក់សម្រាប់ដំឡើង នៅផ្លូវចូល (ផ្លូវខេត្តលេខ1335 បំបែកពីផ្លូវជាតិលេខ33A)។ ៤-ក្រោយពីបញ្ចប់ការស្ថាបនាផ្លូវនេះរួចរាល់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម ប្រើប្រាស់និងថែរក្សាឱ្យបានគង់វង្សល្អប្រសើរ។

លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យបន្តសហការគ្នាផ្សព្វផ្សាយ ប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំនឹងនៅតែបន្តអនុវត្តន៍វិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ឈប់វត្តមានជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជាយើង៕







