ដោយៈ ម៉ាណេត
ភ្នំពេញៈ គោលនយោបាយអត្រាប្តូរប្រាក់ របស់ធនាគារជាតិនៃកម្ពុជា គឺជាឧបករណ៍នយោបាយមួយរបស់គោល នយោបាយរូបិយវត្ថុ ដែលមានគោលដៅចម្បងរក្សាស្ថិរភាពថ្លៃ។
ជាមួយនឹងការអនុវត្តរបបអត្រាប្តូរប្រាក់ អណ្តែតមានការគ្រប់គ្រង ធនាគារជាតិនឹងធ្វើអន្តរាគមលើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងនិងរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ទៅតាមគោលដៅដែលបានកំណត់។ អត្រាប្តូរប្រាក់ផ្លូវការ ជាអត្រាទិញ-លក់រវាងរូបិយវត្ថុជាតិ និងរូបិយប័ណ្ណបរទេសផ្សេងទៀត។
អត្រាប្តូរប្រាក់ផ្លូវការនេះ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា និងដាក់ឲ្យប្រើប្រាស់សម្រាប់រាល់ប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា ជាមួយនឹងភាគីពាក់ព័ន្ធ។ លើសពីនេះ ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជា សាធារណៈជនអាចប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការនេះទៅតាមគោលដៅរៀងៗខ្លួន ហើយអត្រានេះក៏ជា អត្រាប្តូរប្រាក់គោលប្រើដោយវិស័យឯកជន ផងដែរ ។
ធនាគារជាតិនៃកម្ពុជា កំណត់អត្រាប្តូរប្រាក់ផ្លូវការដូចជា
– “គណៈកម្មការកំណត់អត្រាប្តូរប្រាក់ផ្លូវការ” ដែលរួមមានសមាសភាពមកពីនាយកដ្ឋានពាក់ព័ន្ធ ដូចជានាយកដ្ឋានគ្រប់គ្រងប្តូរប្រាក់ នាយកដ្ឋានបោះផ្សាយនិងឃ្លាំងបេឡា នាយកដ្ឋាន ប្រតិបត្តិការ នាយកដ្ឋានស្ថិតិនិងនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ គឺជាអ្នកកំណត់អត្រាប្តូរប្រាក់ផ្លូវការ។
– សមាជិកគណៈកម្មការនេះ ជួបប្រជុំគ្នាជារៀងរាល់ព្រឹក ដើម្បីពិភាក្សានិងវិភាគទៅលើសូចនាករសំខាន់ៗមួយចំនួន ដែលត្រូវប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ។ បន្ទាប់មកអត្រាប្តូរប្រាក់ផ្លូវការនេះ វដាក់ជូនថ្នាក់អគ្គនាយកបច្ចេកទេសសម្រេច និងផ្សព្វផ្សាយជាសាធារណៈ។
– ករណីដែលទីផ្សារមានការប្រែប្រួលខ្លាំង គណៈកម្មការនឹងមានការប្រជុំជាបន្ទាន់ ដើម្បីរក ដំណោះស្រាយ និងកំណត់យុទ្ធសាស្ត្រ៕