ដោយៈវង្ស រតនា
ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា ខុនដូសរុប១២៧៣យូនីត បានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារនៅក្នុងឆមាសទី១ ឆ្នាំ ២០២១ ដែលធ្វើឱ្យចំនួនបន្ទប់ខុនដូក្នុងរាជធានីភ្នំពេញគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ ២០២១ កើនដល់ជាង២៧ ០០០ យូនីត។ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៦ ខែកក្កដាលកន្លងមកបានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២១ មានគម្រោងខុនដូចំនួន៥ បានបញ្ចប់ការសាងសង់ដែលធ្វើឱ្យចំនួនខុនដូនៅរាជធានីភ្នំពេញ កើនដល់ជាង៩០គម្រោង និងមានបន្ទប់ជាង២៧,០០០ យូនីត។

ការស្រាវជ្រាវបានរកឃើញថា វិបត្តិនៃការឆ្លងរាលដាលជំងឺផ្តាសាយកូវីដ១៩ ដែល មានវត្តមានលើភពផែនដីជាង១ឆ្នាំមកនេះ បានធ្វើឱ្យទីផ្សារខុនដូនៅកម្ពុជា ដែលពឹងផ្អែកភាគច្រើន លើអតិថិជនជាជនបរទេសនោះ មិនមានដំណើរការល្អប្រសើរទេ ទាំងតម្លៃទិញ លក់ និងជួល។

យោងតាម CBRE Cambodia តម្លៃលក់ជាមធ្យមរបស់ខុនដូទាំង៣ ប្រភេទបានធ្លាក់ចុះព្រមៗគ្នាចន្លោះពី០,៣-៧,១ ភាគរយក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី ២ ឆ្នាំ ២០២០ ដោយប្រភេទខុនដូប្រណីត (High-end) មានតម្លៃជាមធ្យម ២ ៨០២ ដុល្លារក្នុង១ម៉ែត្រការ៉េ ធ្លាក់ចុះ៦,២ភាគរយ ប្រភេទមធ្យម (Mid-Range) តម្លៃ២ ១១៣ដុល្លារ ធ្លាក់៧,១ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃ១៤៩២ ដុល្លារ ធ្លាក់ចុះ០,៣ ភាគរយ៕







