ដោយៈ លក្ខិណា
ភ្នំពេញៈ រដ្ឋាភិបាលបានសម្រេចអនុម័តគម្រោងសំណង់លំនៅឋានចំនួន១.៦០៧ ជាមួយទុនវិនិយោគប្រមាណ២.៣៤៩លានដុល្លារអាមេរិកក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០២១នេះ។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចេញផ្សាយនៅដើមខែកក្កដា ២០២១នេះ។
របាយការណ៍បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានអនុញ្ញាតឱ្យគម្រោងសាងសង់សរុបចំនួន១.៨២៣គម្រោង ធ្វើការសាងសង់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០មានការធ្លាក់ចុះប្រមាណ ២៧៨គម្រោង។

នៅក្នុងរបាយការណ៍ដដែលនេះ បានបង្ហាញថា នៅក្នុងចំណោមគម្រោង ដែលអនុញ្ញាតឱ្យសាងសង់ជាង១៨០០គម្រោងនោះ មានគម្រោងសំណង់លំនៅឋានចំនួន១.៦០៧គម្រោងស្មើនឹងប្រមាណ៨៧,៩ភាគរយនៃសំណើសុំសាងសង់សរុប ធ្លាក់ចុះចំនួន១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងលំនៅឋាន ដែលត្រូវបានអនុញ្ញាតសាងសង់ គិតជាទឹកប្រាក់មានប្រមាណ២.៣៤៩លានដុល្លារអាមេរិកធ្លាក់ចុះ ៣២,៦ភាគរយ។
របាយការណ៍ដដែលនេះ បានបង្ហាញទៀតថា រយៈពេល៥ខែ ឆ្នាំ២០២១នេះ ស្ថានភាព វិនិយោគនៅតែមិនទាន់ល្អប្រសើរឡើងទេ ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុបមានចំនួនតែ៤៥គម្រោង(គម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេស) និងបានធ្លាក់ចុះរហូតដល់ទៅ៤៧គម្រោង មានលទ្ធភាពបង្កើតការងារជូនពលរដ្ឋថ្មីៗតែ៣ម៉ឺននាក់ប៉ុណ្ណោះ ធ្លាក់ចុះរហូតដល់៥៦,២ភាគរយ មានទុនវិនិយោគសរុប៨២៥លានដុល្លារអាមេរិក ធ្លាក់ចុះ ដល់ទៅ៥៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុណ។
អ្នកជំនាញនៃវិស័យអចលវត្ថុកម្ពុជាបានរំពឹងថា បើសិនជាស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរឡើងវិញ នៅដំណាច់ឆ្នាំនេះ វិនិយោគិនបរទេសនឹងចូលមកស្វែងរកការវិនិយោគឡើយវិញនៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗ ក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ។

ប៉ុន្តែបើសិនជាស្ថានភាពកូវីដ១៩នៅកម្ពុជាប្រសើរមែន តែក្នុងតំបន់និងពិភពលោកនៅតែបន្តធ្ងន់ធ្ងរ វិនិយោគិននិងទេសចរអន្តរជាតិនៅតែមិនអាចចេញធ្វើដំណើរបាន ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ស្ថិតក្នុងភាពមិនប្រាកដប្រជាដដែល។
ការកត់សម្គាល់ស្ថានភាពអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជារយៈពេលកន្លះឆ្នាំមកនេះ ក៏នៅតែមានបន្តដដែល ទោះបីជាស្ថានភាពកូវីដ១៩ក្នុងស្រុករាលដាលខ្លាំងនិងឈានដល់ការបិទទីក្រុងធំៗពីរនៅកម្ពុជាក្ដី ទាំងការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ទៅកាន់តម្រូវការជាក់ស្ដែង និងសកម្មភាពនៃការវិនិយោគលើវិស័យមួយចំនួនទៀតផងដែ៕







