សុខុម
បាងកក: តាមការព្យាករថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ថៃ នឹងងើបឡើងវិញនៅឆ្នាំក្រោយ ជាពិសេសក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងវិស័យផ្សេងទៀតដូចជាគ្រឿងអេឡិចត្រូនិក និងក្ដារបន្ទះឈីបជាដើមដែលក្រុមប្រឹក្សាវិនិយោគថៃ បានផ្តល់ការបញ្ចុះពន្ធដ៏គួរឱ្យទាក់ទាញ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី០២ កក្កដា នេះ។
ថ្លែងក្នុងសិក្ខាសាលាតាមអ៊ីនធឺណិតក្រោមប្រធានបទ “Key Findings Of UNCTAD World Investment Report 2021: Post-Covid Challenges In Asia-Pacific” (លទ្ធផលសំខាន់ៗនៃរបាយការណ៍ឆ្នាំ២០២១ ស្ដីពីការវិនិយោគក្នុងពិភពលោករបស់ UNCTAD: បញ្ហាប្រឈមក្រោយសម័យកូវីដ នៅអាស៊ី-ប៉ាស៊ីហ្វិក) លោក Manu Sithiprasasana នាយកប្រតិបត្តិនៃវិទ្យាស្ថានពាណិជ្ជកម្ម និងអភិវឌ្ឍន៍អន្តរជាតិ (International Institute for Trade and Development) បានលើកឡើងថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ប្រទេសថៃ ត្រូវបានរំពឹងថានឹងធ្លាក់ចុះដល់កម្រិតទាបបំផុតនៅឆ្នាំនេះ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ មុនពេលចាប់ផ្ដើមងើបឡើងវិញក្នុងឆ្នាំ២០២២។
លោកបានបន្ថែមទៀតថា ការងើបឡើងវិញនៅឆ្នាំក្រោយនឹងត្រូវបានជំរុញដោយការវិនិយោគយ៉ាងសកម្មក្នុងវិស័យសណ្ឋាគារ និងទេសចរណ៍ ថាមពលកកើតឡើងវិញដូចជាបន្ទះសូឡាលើដំបូលផ្ទះ វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ដើម្បីបម្រើដល់បច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន 5G។
លើសពីនេះ ថៃ ក៏ជាប្រទេសផ្គត់ផ្គង់ដ៏ធំនូវគ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជាម៉ាស់ ស្រោមដៃប្លាស្ទិក និងសឺរ៉ាំងជាដើមដែលរំពឹងថានឹងទាក់ទាញការវិនិយោគបរទេស។
របាយការណ៍នេះបានរកឃើញថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ប្រទេសថៃ បានធ្លាក់ចុះចំនួន៦ពាន់លានដុល្លារអាមេរិក (១៩២ពាន់លានបាត) ក្នុងឆ្នាំ២០២០ ហើយនោះក៏ដោយសារតែក្រុមហ៊ុនអង់គ្លេស Tesco បានដកទុន១០ពាន់លានដុល្លារ ចេញពីក្រុមហ៊ុនវិនិយោគមួយរបស់ថៃ។
ផ្ទុយទៅវិញ FDI ចេញពីប្រទេសថៃ បានកើនឡើងលើសទ្វេដងដល់១៧ពាន់លានដុល្លារកាលពីឆ្នាំមុន។ នៅឆ្នាំ២០២០ ប្រហែល៨៥%នៃ FDI ចេញពីប្រទេសថៃ គឺស្ថិតក្នុងផ្នែកសេវាកម្មហិរញ្ញវត្ថុ ផលិតកម្ម អចលនទ្រព្យ និងសកម្មភាពសាងសង់ដែលភាគច្រើននៅក្នុងតំបន់អាស៊ាន។
បណ្ដាក្រុមហ៊ុនថៃ កំពុងវិនិយោគយ៉ាងសកម្មនៅក្នុងការសាងសង់រោងចក្រថាមពលអគ្គិសនី និងនៅក្នុងសកម្មភាពលក់រាយក្នុងតំបន់។
ជាឧទាហរណ៍ នៅប្រទេសវៀតណាម អាជ្ញាធរអគ្គិសនីថៃ និងក្រុមហ៊ុនថៃ Electricity Generating Public Company កំពុងសាងសង់រោងចក្រផលិតថាមពលអគ្គិសនីមួយដែលមានតម្លៃ២,៤ពាន់លានដុល្លារ ហើយក្រុមហ៊ុនថៃ មួយទៀតឈ្មោះ Super Energy កំពុងសាងសង់រោងចក្រអគ្គិសនី Loc Ninh តម្លៃ៣៨៤លានដុល្លារ ចំណែកឯក្រុមហ៊ុនថៃ មួយទៀតឈ្មោះ B.Grimm Power កំពុងចូលរួមពាក់ព័ន្ធក្នុងគម្រោងផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យមួយតម្លៃ៣០០លានដុល្លារ ផងដែរ។
ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនថៃ ក៏បានបន្តច្របាច់បញ្ចូលជាមួយក្រុមហ៊ុនជាដៃគូសហការ និងទិញយកក្រុមហ៊ុននានាយ៉ាងសកម្មផងដែរ ដោយភាគច្រើននៅក្នុងតំបន់អាស៊ាន៕







