ដោយៈ គៀតឈូ
បាងកកៈ ក្រុមហ៊ុន Sansiri Pcl ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាននៅប្រទេសថៃ នឹងចាប់ដៃគូជាមួយក្រុមហ៊ុន XSpring Digital ដើម្បីទទួលយករូបិយប័ណ្ណឌីជីថល (cryptocurrency) ក្នុងការទូទាត់លើការទិញលំនៅដ្ឋាននៅក្នុងគម្រោងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
រូបិយប័ណ្ណឌីជីថលរួមមាន Bitcoin (BTC), Ethereum (ETH), USDC និង USDT អាចត្រូវបានប្រើដើម្បីទូទាត់ទូទៅក៏ដូចជាថ្លៃសេវាគ្រប់គ្រងអចលនទ្រព្យ តាមរយៈភ្នាក់ងារទូទាត់ Bitazza ដែលឈ្មួញកណ្តាលរូបិយប័ណ្ណឌីជីថលនៅប្រទេសថៃ។
ទោះបីជាជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យទិញអចលនទ្រព្យ ដោយប្រើប្រាស់រូបិយប័ណ្ណឌីជីថលនាពេលបច្ចុប្បន្ននេះ ក៏ក្រុមហ៊ុន Sansiri នឹងត្រៀមទទួលបានយកការទូទាត់ដោយប្រើរូបិយប័ណ្ណឌីជីថលនេនេះ នៅពេលនិយតករអនុញ្ញាត។

លោក Srettha Thavisin ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុននេះ បានឱ្យដឹងថា “ភាពខ្លាំងរបស់ក្រុមហ៊ុន Sansiri គឺជាការរកប្រាក់ចំណូលបានខ្ពស់បំផុតនៅក្នុងទីផ្សារអចលនទ្រព្យជាមួយនឹងទឹកប្រាក់៣៤,៧ពាន់លានបាត ដែលប្រមូលបានតាមរយៈការអភិវឌ្ឍគម្រោងដែលមានតម្លៃ១០០ពាន់លានបាត និងមានអតិថិជនជាង១០០,០០០នាក់នៅក្នុងទិន្នន័យអតិថិជនរបស់ខ្លួន”។
លោកបានបន្តថា “ជាលទ្ធផល យើងបានទទួលស្គាលនូវឱកាស ក្នុងការទទួលយករូបិយប័ណ្ណឌីជីថលសម្រាប់ការទិញផ្ទះនៅក្នុងគម្រោង Sansiri ខណៈក្រុមហ៊ុនអនុញ្ញាតឱ្យវិធីសាស្ត្រទូទាត់នេះ សម្រាប់ថ្លៃសេវានៅគ្រប់គម្រោង។
នេះគឺជាជំហានមួយទៀតដើម្បីជំរុញកំណើនប្រាក់ចំណូល និងធ្វើឱ្យការទិញវិស័យអចលនទ្រព្យដោយប្រើប្រាស់រូបិយប័ណ្ណឌីជីថល ក្លាយជាការពិតជា ពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយ ដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់បច្ចេកវិទ្យានេះ និងដើម្បីជំរុញការចាប់អារម្មណ៍នៅក្នុងទីផ្សាររូបិយប័ណ្ណឌីជីថល ដែលកំពុងរីកចម្រើន៕







