ការលក់ផ្ទះថ្មីនៅសិង្ហបុរីដាំក្បាលចុះ ស្របពេលមានវិធានការរឹតបន្ដឹងដើម្បី ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩

ដោយៈសុខុម

សិង្ហបុរី: ការលក់ផ្ទះថ្មីដែលខណ្ឌចែកដាច់ពីគ្នានៅប្រទេសសិង្ហបុរី បានដាំក្បាលចុះក្នុងខែឧសភា បើធៀបទៅនឹងខែមេសា ស្របពេលរដ្ឋាភិបាលដាក់ចេញវិធានការដំណាក់កាលទី២ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចុះកាលពីថ្ងៃទី១៥ មិថុនា។

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ក្រុង (URA) កាលពីថ្ងៃអង្គារទី១៥ មិថុនា ឱ្យដឹងថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លក់លំនៅដ្ឋានឯកជនបានចំនួន៨៩១យូនីតក្នុងខែឧសភា ហើយនេះមិនរាប់បញ្ចូលខុនដូនោះទេ។

តួលេខនេះបង្ហាញថា ការលក់បានធ្លាក់ចុះរហូតដល់ទៅ២៩.៧%បើធៀបទៅនឹងខែមេសា ឆ្នាំនេះ ទោះជាតួលេខនេះខ្ពស់ជាងប្រហែល៨៣% ធៀបនឹងខែឧសភា ឆ្នាំ២០២០ យ៉ាងណាក្ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យរបស់ URA បង្ហាញថា តំបន់ Outside Central Region បានឈានមុខគេខាងលក់ផ្ទះថ្មីក្នុងខែឧសភា ដោយលក់បានចំនួន៤០១យូនីត នៅតំបន់ Rest of Central Regionលក់បាន២៩៩យូនីត និងនៅតំបន់Core Central Region លក់បាន១៩១យូនីត។

ការធ្លាក់ចុះការលក់នេះ កើតមានឡើងចំពេលរដ្ឋាភិបាល បានដាក់ចេញវិធានការរឹតបន្តឹងដំណាក់កាលទី២ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៦ ឧសភា ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។

លោក Mark Yip នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Huttons Asia បានលើកឡើងថា ក្រុមហ៊ុននេះជឿថា ការលក់ក្នុងខែឧសភា អាចមាន”កំណើនខ្ពស់ជាងនេះឆ្ងាយ” ប្រសិនបើគ្មានវិធានការរឹតបន្តឹង។

លោកស្រី Christine Sun អនុប្រធានផ្នែកស្រាវជ្រាវ និងវិភាគនៅទីភ្នាក់អចលនទ្រព្យ OrangeTee & Tie បានលើកឡើងថា ការលក់ផ្ទះមានភាពល្អប្រសើរនៅឆ្នាំនេះ នៅពេលដែលវិស័យអចលនទ្រព្យ “ហាក់ត្រៀមខ្លួនបានល្អជាងមុន ដើម្បីធានានិរន្តរភាពអាជីវកម្ម” អំឡុងពេលមានវិធានការរឹតបន្តឹង។

គម្រោងកំពូលទាំង៥ ដែលបានលក់ផ្ទះបានច្រើនជាងគេ ក្នុងខែឧសភា គឺគម្រោង One Bernam ដែលលក់បានចំនួន៨៣យូនីត បន្ទាប់មកគឺគម្រោង Treasure at Tampines គម្រោង Normanton Park គម្រោង Midwood និងគម្រោង Affinity at Serangoon។

លោកស្រី Christine Sun បានបញ្ជាក់ថា “ផ្ទះចំនួន១០យូនីតលក់បានតម្លៃយ៉ាងតិច៧,៥លានដុល្លារអាមេរិក ក្នុងយូនីតនីមួយៗក្នុងខែឧសភា។ យូនីតដែលថ្លៃបំផុតគឺអាផាតម៉ិននៅជាន់ទី២០ ដែលមានផ្ទៃសរុប៥៤៨ម៉ែត្រការ៉េនៅក្នុងគម្រោង Park Nova ដែលលក់បានថ្លៃរហូតដល់២៦លានដុល្លារអាមេរិក”។

នៅពេលការវិធានការរឹតបន្ដឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ធូរស្រាល ដែលពេលនេះប្រទេសសិង្ហបុរី កំពុងស្ថិតក្នុងវិធានការរឹតបន្តឹងដំណាក់កាលទី៣ ក្រុមអ្នកជំនាញបានបង្ហាញសុទិដ្ឋិនិយមថា ការលក់ផ្ទះអាចហក់ឡើងវិញជាថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here