ប្រធានសមាគមអ្នកចិញ្ចឹមសត្វអះអាងថា ផលិតកម្មសត្វអាចមានលទ្ឋភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់

ដោយៈតារា

ភ្នំពេញៈ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានអះអាងថា ការផ្គត់ផ្គង់សាច់សត្វនៅតាមទីផ្សារ ជាពិសេសសាច់ជ្រូក សាច់មាន់ និងពងមាន់ជាដើម មិនការខ្វះខាតនោះឡើយ ពោលគឺអាចធានាបាននៃការផ្គត់ផ្គង់សាច់សត្វទំាងនេះ នៅលើទីផ្សារបាន និងមានតម្លៃសមរម្យផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៥ ឧសភានេះថា វិស័យកសិកម្ម ជាពិសេសការចិញ្ចឹមសត្វដូចជា ជ្រូក មាន់ ទាជាដើម នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះនៃការចិញ្ចឹមសត្វក្នុងស្រុក បានហក់ឡើងមានកំណើនគួរជាទីកត់សម្គាល់ ដែលការរីកចម្រើនទាំងនេះ គឺស្ថិតក្រោមការគិតគូរដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ជាក់ស្តែងស្ថិតនៅក្នុងការរីករាលដាលជម្ងឺកូវីដ១៩ រាជរដ្ឋាភិបាលបានជម្រុញផ្តល់ឥណទានពិសេស តាមរយៈធនាគារអភិវឌ្ឍន៍ និងកសិកម្ម និងតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមជាដើម សម្រាប់ទ្រទ្រង់ដល់វិស័យកសិកម្ម ក្នុងនោះចំពោះវិស័យចិញ្ចឹមសត្វ បច្ចុប្បន្នវិស័យនេះបានកំពុងឆ្លើយតប នៅក្នុងស្ថានភាពដ៏លំបាកនេះបានយ៉ាងល្អប្រសើរផងដែរ។

លោកបានបន្តថា “នៅមុនរយៈពេលនៃការបិទខ្ទប់ ក៏ដូចជានៅក្នុងស្ថានភាពបិទខ្ចប់ និងហូរដល់ការបើកផ្សារ របស់រដ្ឋនៅទីក្រុងភ្នំពេញឲ្យដំណើរឡើងវិញ ចំពោះសម្រាប់ការផ្គត់ផ្គង់សាច់សត្វដូចជាសាច់ជ្រូក សាច់មាន់ និងពងមាន់ជាដើម គឺមិនមានការខ្វះខាតនោះឡើយ”។លោកបន្តថា “បច្ចុប្បន្ននៅតាមកសិកដ្ឋានរបស់សមាជិកសមា​គម ដំណើរការក្នុងផលិតកម្មចិញ្ចមឹសត្វបានយ៉ាងល្អប្រសើរ ដែលអាចធានាបាននៃការផ្គត់ផ្គង់សាច់សត្វទំាងនេះនៅលើទីផ្សារ ជាពិសេសផ្សារទាំងអស់នៅរាជធានីភ្នំពេញ”។

ជាមួយគ្នានេះ លោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វបានមានប្រសាសន៍ឲ្យដឹងផងដែរថា មុនពេលមានវិបត្តិនៃការរីករាលជម្ងឺកូវីដ-១៩ ការនាំចូលសត្វជ្រូកពីប្រទេសជិតខាង មានចំនួនចម្លោះពី២៥០០ ទៅ៥ ០០០ក្បាល ប៉ុន្តែមកដល់បច្ចុប្បន្នការនាំចូលនេះ មានចំនួនតិចតូចប៉ុណ្ណោះ ដូច្នេះការផ្គត់ផ្គង់នៃតម្រូវការសាច់ គឺមិនមានការខ្វះខាតនោះឡើយ ខណៈផលិតកម្មនៃការចិញ្ចឹមសត្វក្នុងស្រុកកំពុងផុលផុស។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់អាជ្ញធរ ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេ​សវៀតណាម ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងកម្ពុជា ជាពិសេសខេត្តនៅជាប់ព្រំដែនវៀតណាមទាំងអស់ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាពសត្វជ្រូក សាច់ជ្រូក ផលិតផលសាច់ និងការពារដល់សុខភាពសាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here