អាជីវករនឹងបន្តលក់តាមការកម្ម៉ង់និងវេចខ្ទប់ក្នុងតំបន់លឿងទុំ ទោះការបិទខ្ទប់បានបញ្ចប់

ដោយ: សាវុធ

ភ្នំពេញៈ ក្រុមអាជីវករនៅបន់លឿងទុំ នៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានលើកឡើងថា នឹងបន្តលក់ជូនភ្ញៀវ តាមរយៈការកម្ម៉ង់ និងវេចខ្ចប់ដដែល ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ទោះបីជាការបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានី និងទីក្រុងតាខ្មៅចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ។

អ្នកលក់កាហ្វេក្បែរសាលាបឋមសិក្សាបាក់ទូកលោក ឡុង សុភាបានថ្លែងប្រាប់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះថា ក្រោយផ្ទុះករណីឆ្លងរាលដាលជំងឺកូវីដ១៩ និងឈានដល់ការបិទខ្ទប់រហូតដល់៣សប្តាហ៍មកនេះ ធ្វើឱ្យលោកកាន់តែមានការប្រុងប្រយ័ត្ន ជាពិសេសការប្រកបអាជីវកម្មសព្វថ្ងៃនេះ ទោះជាមានការបើកខ្ទប់យ៉ាងណាក្តី ក៏លោកនៅតែប្រកាន់ខ្ជាប់ការលក់បែបនេះ រហូតដល់កូវីដធូរស្រាលឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាជីវករលក់បាយ-គុយទាវ នៅក្បែរផ្សារអូរឬស្សី បានឱ្យដឹងដែរថា ការលក់សព្វថ្ងៃ ទោះជាមិនដាច់ច្រើនដូចពេលកន្លងទៅយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលដំណើរអាជីវកម្មឡើងវិញក្នុងពេលនេះ ពួកគាត់សុំទទួលតែការលក់ និងកម្ម៉ង់វេចខ្ចប់តែប៉ុណ្ណោះ ដោយមិនទទួលឱ្យភ្ញៀវអង្គុយក្នុងហាងទេ ដើម្បីចូលរួមអនុវត្តតាមការអំពាវនាវរបស់អាជ្ញាធរ និងក្រសួងសុខាភិបាល។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភាតទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅ បង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្តាលនឹងដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងផ្នែកណាមួយនៃភូមិសាស្រ្តទាំងនេះ។

គណៈអភិបាលរាជធានី ខេត្ត នឹងធ្វើការហាមឃាត់ ឬផ្អាកនូវរាល់ទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ក្នុងករណីថា នៅពេលទីតាំងនៃសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ លើកលែងតែចំពោះសកម្មភាពការងារដែលចាំបាច់បំផុតសម្រាប់បម្រើឲ្យភូមិសាស្រ្តរបស់ខ្លួន ឬបម្រើឲ្យប្រយោជន៍ទូទៅប៉ុណ្ណោះ ដូចជា សេវាពន្លត់អគ្គិសភ័យ សេវាផ្គត់ផ្គង់អគ្គិសនី, សេវាសង្រ្គោះបន្ទាន់ និងសេវាសុខាភិបាល។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here