ដោយៈ សាវុធ
ភ្នំពេញៈ ក្រុមហ៊ុនទេសចរណ៍មួយចំនួន បាននិងកំពុងរៀបចំកញ្ចប់ទេសចរណ៍ ដើម្បីនាំភ្ញៀវទេសចរផ្ទៃក្នុង ទៅកាន់គោលដៅទេសចរណ៍ នៅតាមបណ្តាខេត្តមានអត្រាឆ្លងទាប នៃជំងឺកូវីដ១៩។ នេះបើយោងតាមការបញ្ជាក់របស់លោកបណ្ឌិតថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីម្សិលមិញ។
លោកបានបន្តថា ទេសចរក្នុងស្រុក ពិសេសពីរាជធានីភ្នំពេញ និងខេត្តជុំវិញ បានធ្វើដំណើរទៅកំសាន្តបណ្តើរ ដែលខុសពីរយៈពេល ២ សប្តាហ៍មុន ដែលភាគច្រើន គឺជាភ្ញៀវក្នុងខេត្តផ្ទាល់តែម្តង។
បណ្តាខេត្ត ដែលមានអត្រាទាប នៃការឆ្លងជំងឺកូវីដ-១៩ ភ្ញៀវទេសចរក្នុងខេត្ត ក៏បានដើរកម្សាន្តកាន់តែច្រើន នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តខ្លួនផ្ទាល់ ប៉ុន្តែភាគច្រើន គឺជាភ្ញៀវទេសចរ ទៅកម្សាន្តជាលក្ខណៈក្រុមគ្រួសារ និងការជួបជុំជាក្រុមតូច ពិសេសក្រុមយុវជន បានជ្រើសការធ្វើដំណើរ ទៅកាន់តំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សេងព្រេង ដែលជាកន្លែងមានភាពងាយស្រួល ក្នុងការរក្សាគម្លាតសុវត្ថិភាព។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ កំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប នៅក្នុងនៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី ៤ខាងមុខនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់ពីឯកលោកបណ្ឌិតថោង ខុន។
លោកបណ្ឌិត បានមានប្រសាសន៍ថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថាតើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា ឬមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់មកក្រសួងនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីអនុវត្តកិច្ចការងារនេះ។
លោកបណ្ឌិតបានបន្តថា ទន្ទឹមនឹងអ្វីដែលយើងបានសិក្សាលើទីផ្សារនេះ ក្រសួងទេសចរណ៍ក៏នឹងធ្វើការជាមួយអាជ្ញាធរខេត្ត និងជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងផងដែរ ក្នុងការស្វែងរកការគាំទ្រ ក្នុងការជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាកម្មទេសចរណ៍នៅតាមគោលដៅនានា ដើម្បីធានាថា គោលដៅទេសចរណ៍របស់យើងមានសុវត្ថិភាព និងទំនុកចិត្ត ដែលអាចទទួលយកភ្ញៀវទេសចរដែលបានទទួលវ៉ាក់សាំងនេះបានមុន។
ក្រៅពីនេះលោករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍ ក៏នឹងតម្រូវឲ្យគ្រប់គោលដៅទេសចរណ៍ទាំងអស់ត្រូវគិតអំពីគុណភាពសេវាកម្ម និងតម្លៃឲ្យបានសមរម្យ ជាពិសេស ត្រូវអនុវត្តស្តង់ដារថ្មី ក្នុងបរិបទកូវីដ១៩នេះ ជាមួយវិធានការយ៉ាងម៉ឹងម៉ាត់ គឺ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ក៏ត្រូវធ្វើយ៉ាងណាផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរ តាមរយៈតម្រូវឲ្យបុគ្គលិកបម្រើការងាររបស់ខ្លួន ត្រូវពាក់កាតបុគ្គលិក និងកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាប្រចាំក្នុងអំឡុងពេលបំពេញភារកិច្ចផងដែរ។
លោកបានមានប្រសាសន៍ទៀតថា “យើងនឹងពិនិត្យវាយតម្លៃអំពីគុណភាពសេវាកម្មទេសចរណ៍នៅគ្រប់គោលដៅទាំងអស់ ហើយយើងនឹងដាក់ចុះនូវស្តង់ដារសេវាកម្មទេសចរណ៍នៅក្នុងបរិបទកូវីដនេះ ឲ្យបានរហ័សដើម្បីបញ្ជាក់អំពីសុវត្ថិភាព និងគុណភាពរបស់គោលដៅទេសចរណ៍នីមួយៗ ជូនភ្ញៀវទេសចរអន្តរជាតិ។ យើងធ្វើកិច្ចការងារនេះបណ្តើរៗ ហើយយើងប្រឹងប្រែងទាំងអស់គ្នា ដើម្បីយើងគិតថា អាចនឹងទទួលទេសចរអន្តរជាតិ ពិសេសទេសចរដែលចាក់វ៉ាក់សាំងហើយ នៅក្នុងត្រីមាសទី ៤ឆ្នាំ ២០២១នេះ”។
លោកបានសង្កត់ធ្ងន់ថា “សរុបរួមមក ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនេះ ទី១ គឺការក៏សាងឲ្យបាននូវទំនុកទុកចិត្តដល់អ្នកទេសចរ។ ទី២ គឺគុណភាព និងសេវាកម្មផលិតផលទេសចរណ៍ និងតម្លៃឲ្យបានសមរម្យ និងទី ៣គឺការសម្រួលការធ្វើដំណើរដល់ទេសចរនៅតាមច្រកទ្វារអន្តរជាតិ”៕