ជំនួបពិភាក្សាការងារជាមួយ ទីភ្នាក់ងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF )

(ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ តបតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក./ក.អ.ក.), ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គ.វ.ក./ក.អ.ក. បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាជាមួយទីភ្នាក់ងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Kenichiro Kashiwase ជាប្រធានបេសកកម្មមកកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត និងទីភ្នាក់ការ IMF បានពិភាក្សាយ៉ាងពិស្តារ ស្តីពីវឌ្ឍនភាពក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច, យុទ្ធសាស្រ្តក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម, ការលើកទឹកចិត្តផ្នែកពន្ធ ការលើកទឹកចិត្តមិនមែនពន្ធ គោលនយោបាយឧស្សាហកម្ម, ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានចែករំលែកជូនបេសកជន IMF ឱ្យបានជ្រាប អំពីបទពិសោធន៍ជោគជ័យក្នុងការទាក់ទាញ FDI, ទស្សនវិស័យ និងតួនាទីយ៉ាងសំខាន់របស់ គ.វ.ក./ក.អ.ក. ក្នុងការចូលរួមស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងគន្លឹះដែលនាំឱ្យកម្ពុជាទទួលបានកំណើន FDI គួរជាទីមោទនក្នុងឆ្នាំ២០២៤ និងបីខែដើមឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ នោះគឺ យន្តការ “គោះទ្វារវិនិយោគិន” និងការទាក់ទាញវិនិយោគដោយចំគោលដៅ ដែលបានពាំនាំព័ត៌មានជាក់លាក់ ទៅដល់វិនិយោគិនដោយផ្ទាល់ អំពីលក្ខណៈអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា។
បន្ទាប់ពីបានស្ដាប់ប្រសាសន៍ ចែករំលែកដ៏ពិស្ដាររបស់ ឯកឧត្តមបណ្ឌិត អគ្គលេខាធិការរង គ.វ.ក./ ក.អ.ក. លោក Kenichiro Kashiwase មានការវាយតម្លៃខ្ពស់ ចំពោះទស្សនវិស័យ និងផែនការច្បាស់លាស់របស់ គ.វ.ក./ក.អ.ក. ក្នុងការអនុវត្តកិច្ចការប្រកបដោយប្រសិទ្ធភាពខ្ពស់ ចូលរួមស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការទាក់ទាញ FDI និងការអះអាងអំពីការប្តេជ្ញាផ្តល់ជំនួយបច្ចេកទេសផ្សេងៗ ដើម្បីរួមចំណែកក្នុងការទាក់ទាញវិនិយោគបន្ថែមទៀតមកកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here